(មណ្ឌលគិរី)​៖ ក្នុងដំណើរចុះសិក្សាស្រាវជ្រាវមួយពីសំណាក់អគ្គនាយកនៃអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន លោក ខៀវ បូរិន បានបញ្ជាក់ថា ជាលទ្ធផលក្រសួងផ្តើម ឲ្យមានគម្រោងបង្កើតកសិដ្ឋានមួយ ដើម្បីចិញ្ចឹមជ្រូកជនជាតិ ក្នុងដែនជម្រកសត្វព្រៃណាមលៀរ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨។

មន្ត្រីបរិស្ថានបានឲ្យដឹងថា ពូជជ្រូកនោះជាអំបូរពួជជ្រូកស្រដៀង និងសត្វជ្រូកព្រៃ (ជ្រូកកូនកាត់) ឬហៅថាជ្រូកជនជាតិ​ ដែលនិងមានវត្តមាន ចិញ្ចឹមជាលក្ខណៈស្តង់ដារ ក្នុងកសិដ្ឋាន​ ដែលក្រសួងត្រៀមនិងបង្កើត។

​លោក វុធ សារុំ បានឲ្យដឹងថា លោកពិតជារីករាយចំពោះគម្រោងចិញ្ចឹមជ្រូកពូជនេះ ហើយមន្រ្ដីឧទ្យានុរក្សក៏បានប្តេជ្ញា ចូលរួមអនុវត្តន៍គម្រោងនេះឲ្យបានជោគជ័យសំដៅបង្កើន ប្រាក់ចំណូលក្នុងគ្រួសារ និងជីវភាពប្រចាំថ្ងៃរបស់មន្ត្រីឧទ្យានុរក្ស​ ព្រមទាំងជួយលើកស្ទួយកម្រិតជីវភាពរបស់ ប្រជាសហគមន៍រស់នៅក្នុងតំបន់នោះផងដែរ។

​ប្រធានមន្ទីរបរិស្ថានខេត្តលោក កែវ​ សុភគ៌​ បានសម្តែងក្តីគាំទ្រ និងសប្បាយរីករាយ ចំពោះគម្រោងការខាងលើ។ លោកថា ការបង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នេះ ​នឹង​ជួយ​ដល់​ជីវភាព​របស់​ប្រជា​សហគមន៍ ​នឹង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បាន​យ៉ាង​ប្រសើរ ហើយ​ក៏​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​ផង​ដែរ ដោយសារ​បច្ចុប្បន្ន​នេះ​ ទីផ្សារ​ជ្រូក​ជនជាតិ​មាន​តម្រូវការ​នឹង​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន៕