(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានចេញប្រកាសពីនីតិវិធី និង​ការតម្រូវបមាណីយសម្រាប់ការចុះបញ្ជី​បសុឱសថ ក្នុងមាន​គោលបំណងកំណត់​នូវនីតិវិធី និងការ​តម្រូវបមាណីយ​សម្រាប់ការចុះបញ្ជីបសុឱសថ និង​វត្ថុធាតុជីវៈបសុព្យាបាល សារធាតុសកម្ម សមាសធាតុ គ្រប់ប្រភេទ ។​​

យោងតាមសេចក្តីប្រកាស របស់ក្រសួងកសិកម្ម ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យ​ដឹងថា ប្រកាសនេះមានគោលបំណងដូចជា៖

ទី១៖ កំណត់នីតិវិធី និង​ការតម្រូវ បមាណីយសម្រាប់ការចុះបញ្ជីបសុឱសថ និង​វត្ថុធាតុជីវៈបសុព្យាបាល សារធាតុសកម្ម សមាសធាតុ។

ទី២៖ ធានាការគ្រប់គ្រងបញ្ជិកាបសុឱសថ ​វត្ថុធាតុជីវៈបសុព្យាបាល សារធាតុសកម្ម សមាសធាតុគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព។

ទី៣៖ លើក​កម្ពស់ប្រសិទ្ធភាព និង​សុវត្ថិភាពនៃបសុឱសថដែលត្រូវធ្វើពាណិជ្ជកម្ម ផលិតលាយផ្សំ និង​ប្រើប្រាស់នៅក្នុង​ផលិតកម្មសត្វ។

ទី៤៖ ទប់ស្កាត់ហានិភ័យ និង​ការពារគ្រោះថ្នាក់ចំពោះជីវិត ឫសុខភាពមនុស្ស សត្វ និង​បរិស្ថាន ដែលបង្កដោយការប្រើប្រាស់បសុឱសថ ​វត្ថុធាតុជីវៈបសុព្យាបាល សារធាតុសកម្ម សមាសធាតុនៅក្នុងផលិតកម្មសត្វ។

ទី៥៖ រួមចំណែកលើកកម្ពស់ផលិត​កម្មសត្វ ពាណិជ្ជកម្មសត្វ និងផលិតផលសត្វប្រកបដោយសុវត្ថិភាព៕