(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ការិយាល័យអនុវត្តនីតិវិធី នៃផែនអន្តោប្រវេសន៍ ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនបរទេស២នាក់ ពីបទរស់នៅដោយគ្មានលិខិត ឆ្លងដែនជាប់ខ្លួន។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនបរទេសទាំង២នាក់រួមមាន៖ ទី១-ឈ្មោះ Nicholas Peter Leavsley សញ្ជាតិអង់គ្លេស អាយុ៥៥ឆ្នាំ ពីបទលួចស្នាក់នៅដោយគ្មានលិខិតឆ្លងដែនជាប់ខ្លួន និងទី២-ឈ្មោះLissok Uwe សញ្ជាតិអាល្លឺម៉ង់ អាយុ៥៦ឆ្នាំ ពីបទលួចស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែនជាប់ខ្លួន។

តាមការសាកសួររបស់សមត្ថកិច្ចអន្តោប្រវេសន៍ ជនបរទេសទាំង២រូបខាងលើ បានសារភាពថា ពួកគាត់ពិតជាបានលួចលាក់ ស្នាក់នៅ ដោយគ្មានលិខិតឆ្លងដែនជាប់ខ្លួន ពិតប្រាកដមែន។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងកសាងនិតិវិធី ដើម្បីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបន្តនីតិវិធី៕