(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ តំណាងគណបក្សខ្មែរឈប់ក្រ បានទៅយកបែបបទបំពេញពាក្យពី គ.ជ.ប ដើម្បីដាក់ប្រាក់តម្កល់១៥លានរៀល នៅរតនាគារជាតិ មុននឹងចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ ដែលជាថ្ងៃនេះ។

បើតាមលោក ឌឹម សុវណ្ណរុំ រហូតដល់ពេលនេះ មានគណបក្សចំនួន៣ បានបញ្ចប់ការចុះឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ និងមានគណបក្សចំនួន៧ បានយកពាក្យដើម្បីរៀបចំឯកសារតម្កល់លុយ ខណៈដែលគណបក្សជាច្រើនទៀត បានយកបែបបទពី គ.ជ.ប ទៅត្រួតពិនិត្យ និងបំពេញ។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា គណបក្សចំនួន៣ ដែលបានចុះឈ្មោះបញ្ជីរួចរួមមាន៖ គណបក្សយុវជនកម្ពុជា, គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។

យ៉ាងណាក៏ដោយ រហូតដល់ពេលនេះ មានគណបក្សភ្លើងទៀន និង​ គណបក្សអំណាចខ្មែរប៉ុណ្ណោះ ដែលបានប្រកាសមិនចូលរួម ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក៏ប៉ុន្តែទោះបីជាគណបក្សទាំងនេះ មិនចូលរួមក្តី ក៏មានមានគណបក្សនយោបាយជាច្រើនទៀត បានប្រកាសចូលរួមការបោះឆ្នោតនៅចុងខែកក្កដា ខាងមុខនេះផងដែរ។

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលនេះ នឹងមានគណបក្សនយោបាយជាច្រើន បានចុះឈ្មោះបោះឆ្នោតច្រើនជាងអាណត្តិមុន។

តាមការរំពឹងទុក នឹងមានគណបក្សច្រើនជាង១០ ចូលរួមក្នុងការបោះឆ្នោតអាណត្តិនេះ៕