(ភ្នំពេញ)៖​ កងកម្លាំងការពារសន្តិសុខ នៃអង្គការសហប្រជាជាតិចំនួន២នាក់ ដែលជាជនជាតិ​ជប៉ុន បាន​ពលីជីវិតក្នុង​ពេលបំពេញបេសកកម្មការពារសន្តិសុខ ​​នៅប្រទេសកម្ពុជា ​កាលពីសម័យ​អ៊ុនតាក់ (១៩៩០-១៩៩៣) ក្នុង​នោះមានម្នាក់ បានស្លាប់នៅខេត្តឧត្តរមានជ័យ និង​ម្នាក់ទៀតបានស្លាប់នៅខេត្តកំពង់ធំ នៅក្នុង​អំឡុងឆ្នាំ១៩៩៣ ដែលគិតមកដល់ពេលនេះ មានរយៈពេល២៥ឆ្នាំហើយ។

ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធទាហានទាំងពីរនេះ ទើបនាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថានទូតជប៉ុនបានរៀបចំ ពិធីរំឭកខួប២៥ឆ្នាំ​ សម្រាប់ លោក ហារឹយូគី តាកាតា អតីតមន្ត្រីប៉ូលីសជប៉ុន ដែលត្រូវបានរដ្ឋាភិបាលជប៉ុន បញ្ជូនមកចូលរួមសកម្មភាព​អ៊ុនតាក់ ហើយបានទទួលមរណភាព អំឡុងពេលបំពេញ​បេសកកម្ម នៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣។ ពិធីនេះបានរៀបចំឡើង នៅវត្តតាំងកសាងខាងត្បួង ស្ថិតនៅភូមិក្បាលដំរី សង្កាត់ការកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំ​នៅកម្ពុជា លោក ជុំ សុន្ទរី អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ រួមទាំងតំណាងរាជរដ្ឋាភិបាលនៅកម្ពុជា និង​តំណាងសមាគមន៍ជនជាតិជប៉ុននៅកម្ពុជាជាច្រើនរូបផងដែរ។

លោក​ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានលើកឡើងថា ថ្ងៃនេះយើងជួយជុំគ្នានៅទីនេះ ដើម្បីរៀបចំពិធីរំលឹកខួប២៥ឆ្នាំ សម្រាប់លោក Haruyuki TAKATA អតីតមន្ត្រីប៉ូលីសជប៉ុន។ ខណៈពេលដែលយើងកំពុងឈរនៅស្តូប ដែលត្រូវបានកសា ​ឡើងជាកិត្តិយស ចំពោះរូបលោក យើងមានសេចក្តីរំ​ជួលចិត្ត​យ៉ាងក្រៃ​លែង។ លោក TAKATA បានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ចំពោះភារកិច្ចរបស់ខ្លួន​ជាប៉ូលីស​ស៊ីវិល UNTAC នៅប្រទេស​កម្ពុជា ដែលកត់សំគា​ល់នូវកា​រចូលរួ​មជាលើដំបូង របស់​ប្រទេសជប៉ុន​ក្នុង PKO ។ សោក​នាដកម្មនេះ​ បានកើតឡើង​កាលពី ២៥ឆ្នាំមុន នៅថ្ងៃទី៤ ខែ ឧសភា ឆ្នាំ១៩៩៣ លោក TAKATA ត្រូវបានវាយប្រហារជាមួយ សហការីរបស់លោក ហើយត្រូវបានសម្លាប់ យ៉ាងគួរឲ្យសោកស្តាយ ខណៈដែលលោកកំពុងតែ បំពេញបេសកកម្ម នៅភូមិអំពិល ខេត្តឧត្តរមានជ័យ»។

លោកក៏បានបញ្ជាក់ទៀតថា ដោយពិចារណាលើឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់លោក TAKATA ស្ថានទូតជប៉ុន ​បានតាំងចិត្ត ខិតខំប្រឹងប្រែងពង្រឹងចំណងទាក់ទង រវាងប្រទេស​ជប៉ុន និងកម្ពុជា ដែលបានស្តារឡើងវិញនូវស្ថិរភាព និង​បន្តអភិវឌ្ឍយ៉ាងរឹងមាំ រវាងប្រជាជន និង​ប្រជាជននៃប្រទេស​ទាំង​ពីរឲ្យបានរឹងមាំផងដែរ។

លោក ជុំ សុន្ទរី ក៏បានលើកឡើងដែរថា តាំងនាមរាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា ក្រសួងការបរទេស និ​សហប្រតិបត្តិការ អន្តរជាតិ សូមសម្តែងនូវការគោរពដ៏ជ្រាវជ្រៅ ចំពោះវិញ្ញាណក្ខ័ន្ធរបស់លោក Haruyuki TAKATA​ ដែលបានបាត់បង់ជីវិត នៅខេត្តបន្ទាយមានជ័យ និងលោក Atsuhito Nakata ដែលបានបាត់បង់ជីវិត នៅខេត្តកំពង់ធំ នៅឆ្នាំ១៩៩៣ នៅក្នុង​បេសក​កម្មរក្សាសន្តិភាពនៅកម្ពុជា ក្រោមឆ័ត្រអាជ្ញា​ធរអង្គការសហប្រជាជាតិ​ បណ្តោះអាសន្ន​នៅកម្ពុជា(UNTAC)។

លោកក៏បានបន្ថែមទៀតថា តាំងពីដើមទសវត្សឆ្នាំ១៩៩០ ប្រទេស​ជប៉ុន បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីជួយស្វះស្វែង រកសន្តិភាព គាំទ្រកាបង្រួបបង្រួមជាតិ និង​បានទ្រទ្រង់ដល់ការស្តារ និង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា រហូតដល់ មានការរីកចម្រើន ដូចសព្វថ្ងៃនេះ ហើយ​ប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបាននូវគុណ​បការៈដ៏ថ្លៃថ្លា របស់ប្រជាជន និង​រដ្ឋា​ភិបាលជប៉ុន ដែលបានជួ​យឧបត្ថម្ភគាំទ្រ ដល់កម្ពុជារួមទាំងការធ្វើពលីកម្មជីវិតពលរដ្ឋជប៉ុនទាំង​ពីរខាងលើនេះ ។

គួររំលឹកដែរថាលោក ហារឹយូគី តាកាតា ត្រូវបានបញ្ជូនមកប្រទេស​កម្ពុជា ដើម្បីចូលរួមក្នុង​សកម្មភាព​របស់​អ៊ុនតាក់ នៅខែតុលា ឆ្នាំ១៩៩២ ក្នុង​ឋានៈជានគរបាលស៊ីវិល ជាលើក​ដំបូងបង្អស់ពីប្រទេស​ជប៉ុន ហើយបានបូជាជីវិត នៅពេលកំពុងបំពេញ បេសកកម្មរបស់ខ្លួន ក្រោយពីមានការវាយប្រហារមកលើក្បួនរថយន្តអ៊ុនតាក់ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ ( បច្ចុប្បន្នខេត្តឧត្តរមានជ័យ) ដែលឋិតនៅទិសពាយ័ព្យ នៃប្រទេស​កម្ពុជា៕