(ម៉ានីល,ហ្វីលីពីន)៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជា ជប៉ុន ឡាវ  មីយ៉ាន់ម៉ា និងសឹង្ហបូរី បានចេញសេចក្តីថែ្លងការរណ៍រួម ស្តីពីការបង្កើតនូវយន្តការធានារ៉ាប់រង លើហានិភ័យបណ្តាល មកពីគ្រោះមហន្តរាយសម្រាប់តំបន់អាស៊ីអាគ្នេយ៍ (The Establishment of the Southeast Asia Disaster Risk Insurance FacilityçSEADRIF) ដើម្បីផ្តល់នូវបរិស្ថានអនុគ្រោះ, ដំណោះស្រាយ និងហិរញ្ញប្បទាន សម្រាប់ការធានារ៉ាប់រងលើហានិភ័យបណ្តាលមកពីគ្រោះមហន្តរាយ សម្រាប់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន។

ការដាក់ចេញនូវយន្តការនេះ នឹងជួយឱ្យប្រទេសអាស៊ាន ដែលជួបប្រទះនូវគ្រោះមហន្តរាយផ្សេងៗ ដូចជា៖ ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដី ។ល។ អាចមានលទ្ធភាពទទួលបាននូវហិរញ្ញប្បទានឆាប់ ដើម្បីជួយដល់ជនរងគ្រោះ ក៏ដូចជា ជួសជុល និងកសាងឡើងវិញនូវហេដ្ឋារចនានាសម្ព័ន្ធដែលបានខូចខាត។

ជាមួយហេតុផលនេះប្រទេស ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយ នឹងមានលទ្ធភាពរក្សាបាននូវកិច្ចដំណើការរដ្ឋជាធម្មតា, បន្តរក្សាបាននូវកំណើនសេដ្ឋកិច្ច, មានលទ្ធភាពកែលម្អជីវភាពរស់នៅរបស់ប្រជាជនបានលឿន និងប្រទេសទាំងមូលមានភាពធន់ទៅនឹងផលប៉ះពាល់ពីគ្រោះមហន្តរាយទូទៅ។

សេចក្តីថ្លែការណ៍រួមនេះ ត្រូវអនុម័តដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសកម្ពុជា ជប៉ុន ឡាវ មីយ៉ាន់ម៉ា សឹង្ហបូរី ដោយមានការចូលរួមពីធនាគារពិភពលោក។ នៅក្នុងឱកាស នៃការចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានបូក៣ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

លោក វង្សី វិស្សុត បានលើកឡើងនៅក្នុងកិច្ចប្រជុំខាងលើនេះថា កម្ពុជាបានចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការ នៃការយន្តការធានារ៉ាប់រងលើហានិភ័យបណ្តាលមកពីគ្រោះមហន្តរាយ សម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះ ទាំងនៅក្នុងកម្រិតតំបន់ និងទាំងនៅក្នុងកម្រិតជាតិ ដោយកម្ពុជាយល់ច្បាស់ពីសារសំខាន់នៃយន្តការនេះ។

លោកបានបន្ថែមថា រដ្ឋាភិបាល នៃប្រទេសនីមួយៗ នឹងមានលទ្ធភាពកាន់តែច្រើន ក្នុងការជួយដល់ប្រជាជនដែលទទួលរងគ្រោះមហន្តបានឆាប់រហ័ស និងមានប្រសិទ្ធភាព   តាមរយៈការទទួលបាននូវហិរញ្ញប្បទាន ដែលមានគោលការណ៍ច្បាស់លាស់ពីយន្តការធានារ៉ាបរងនេះ បន្ថែមលើប្រភពធនធានដែលមាននៅក្នុងស្រុក៕