(កំពង់ស្ពឺ)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានបន្តរៀបចំ «វេទិកាសន្ទនារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍» លើកទី២១ នៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរខេត្ត ក្នុងគោលបំណងស្វែងយល់ អំពីបញ្ហាប្រឈមរបស់អង្គការសង្គមស៊ីវិល និងយល់ដឹងពីសុខទុក្ខ របស់ប្រជាជនមូលដ្ឋាន តាមរយៈការពិភាក្សា និងពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយតំណាងអង្គការ សមាគម សហជីព និងសហគមន៍នៅទូទាំងខេត្តកំពង់ស្ពឺ។

នៅក្នុងវេទិកាសន្ទនានេះ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោកស្រី ឡុង បូណារ៉េត អភិបាលរងខេត្តកំពង់ស្ពឺ និងដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពចំណុះសាលាខេត្ត ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានានៅទូទាំងខេត្ត។

ស្ថិតនៅក្នុងបរិយាកាសស្និទ្ធស្នាល វ.ស.ស. អាជ្ញាធរខេត្ត និងតំណាងអង្គការ សមាគម សហជីព និងសហគមន៍ បានធ្វើកិច្ចសន្ទនាពិគ្រោះ យោបល់ត្រង់ទៅត្រង់មកជាមួយគ្នាយ៉ាងផុលផុស ដោយបានលើកឡើងអំពីបញ្ហាប្រឈមជាក់ស្តែង ដែលកំពុងកើតមានរួមទាំងសំណូមពរ មួយចំនួនផងដែរ។ ជាលទ្ធផល បញ្ហាប្រឈម និងសំណូមពរជាក់ស្តែងមួយចំនួន របស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយភ្លាមៗ នៅក្នុងវេទិកាកិច្ចសន្ទនានេះតែម្តង។

ចំពោះបញ្ហាប្រឈម និងសំណូមពរមួយចំនួនទៀត អាជ្ញាធរខេត្ត និងភាគីពាក់ព័ន្ធ បានសន្យាថានឹងលើកយកទៅពិភាក្សាលម្អិតបន្ថែម ដើម្បីបន្តស្វែងរកដំណោះស្រាយ៕