(ភ្នំពេញ)៖ ក្រុមហ៊ុនណាហ្គាវើលដ៍ បាននាំក្រុមសៀកកាយសម្ព័ន្ធ ដែលល្បីនៅលើពិភពលោកវ័យក្មេងពីរនាក់បងប្អូន ពីប្រទេសអេត្យូពី នៃទ្វីបអាហ្រ្វិក មកសម្ដែងពេញ១ខែឧសភា ចាប់ពីម៉ោង០៧៖៣០នាទីយប់ រៀងរាល់ថ្ងៃពុធ និងថ្ងៃអាទិត្យ នៅមហោស្រព NABA ស្ថិតនៅណាហ្គាទី២ ដែលអនុញ្ញាតឲ្យសាធារ​ណជន ចូល​ទស្សនាដោយសេរី។

ក្រុមសៀកកាយសម្ព័ន្ធទំាងពីរនាក់បងប្អូនខាងលើនេះ បងឈ្មោះ Kirubel អាយុ២៧ឆ្នាំ ហើយប្អូនឈ្មោះ Natnael អាយុ១៥ឆ្នាំ បានបង្កើតការ​សម្ដែង​នេះ កាលពី៣ឆ្នំាមុន នៅកន្លែង សម្ដែងសៀកមួយ ក្នុងរាជធានី Addis Ababa រដ្ឋធានី នៃប្រទេសអេត្យូពី។

ក្នុងការសម្ដែងរបស់បង​ (Kirubel) មានបទពិសោធន៍ សម្ដែង​សៀកជាង១ទសវត្សរ៍ ចំណែកប្អូន (Natnael) ទើបមានបទពិសោធន៍ ជាង៣ឆ្នំាប៉ុណ្ណោះ។ ការសំដែងរបស់ពួកគេ មានឈ្មោះថា «Icarian» មានប្រភពចេញពីរឿងទេវកថា របស់ប្រទេសក្រិច ដែលមានន័យថា ការសម្តែងហោះលើអាកាស និង ពោរពេញដោយការផ្សងព្រេង។

ពួកគេបានសម្តែងលើឆាកអន្តរជាតិ និងកម្មវិធីទូរទស្សន៍ធំៗ ជាច្រើនរួមមាន៖ កម្មវិធី America’s Got Talent, កម្មវិធី Little Shots ក្នុងសហរដ្ឋអាមេរិក និងកម្មវិធី Super Kids នៅក្នុងប្រទេសអាល្លឺម៉ង់ (ឈ្នះពានរង្វាន់)។

ពួកគេក៏ទទួលបាន ការចុចប៊ូតុងមាស ពីគណៈកម្មការម្នាក់ផងដែរ ក្នុងការបង្ហាញសមត្ថភាពរបស់ពួកគេ ក្នុងកម្មវិធី Spain’s Got Talent កាលពីខែមី​នាកន្លងមកនេះ ដែលធ្វើឲ្យពួកគេ ឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ ហើយការសម្ដែងនេះ បច្ចុប្បន្នមានអ្នកចូលមើលជាង១,៥លាននាក់ នៅលើ YouTube។

Natnael បាននិយាយថា «ពីមុនខ្ញុំធ្លាប់វិញមុខ ពេលសំដែងបង្វិលខ្លួន។ ប៉ុន្តែឥឡូវខ្ញុំមិនសូវវិលមុខខ្លំាងទេ»។ ចំណែក Kirubel និយាយ​ថា «ខ្ញុំរីករាយដែលបានមកសំដែង នៅណាហ្គាវើលដ៍ និងបានឃើញជ្រុងមួយទៀត នៃពិភពលោក»៕