(ភ្នំពេញ)៖ នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល បើគេនិយាយអំពីព្រះរាជពិធីមង្គលដ៏ប្រពៃថ្លៃថ្លានេះ គឺគេសំដៅដល់គោឧសភរាជ ដែលមានមុខងារដ៏សំខាន់ក្នុងការផ្សងតាមក្បួនច្បាប់ប្រពៃណីខ្មែរ តំាងពីបុរាណកាលរៀងមក ដោយការរៀបចំនូវអាហារ៧មុខ សម្រាប់ឲ្យស៊ីជាអាទិ៍៖ស្រូវ ពោត ល្ង សណែ្ដក ស្មៅ ទឹក និងស្រា។ តើគោឧសភរាជតំណាងអ្វី?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាបើនិយាយពីព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលតែងប្រារព្វនៅថ្ងៃទី៤រោច ខែពិសាខជារៀងរាល់ឆ្នាំមកនេះ គឺជាកិច្ចពិធីមួយសំដៅលើការផ្សងនូវភោគផលកសិកម្មជាចម្បង។ បានន័យថាកិច្ចពិធីនេះពុំសំដៅលើការផ្សងទឹកភ្លៀងជាសំខាន់នោះទេ។ ពីព្រោះថាក្នុងកិច្ចពិធីផ្សងទឹកភ្លៀងគឺមានពិធីបុណ្យចូលឆ្នាំថ្មី និងអុំទូក អកអំបុក បណ្ដែតព្រះទីប មានកិច្ចពិធីភ្ជាប់នូវការផ្សងទឹកភ្លៀងជាសំខាន់រួចហើយ។

បើដូច្នេះចំពោះមុខងារគោឧសភរាជ ដែលមានការរៀបចំនូវអាហារ៧មុខឲ្យស៊ីដូចយើងឃើញនេះ មានន័យថា «កិច្ចពិធីនេះតំណាងឲ្យភោគផលមង្គលចំរើននៃការសាបព្រោះ» លើវិស័យកសិកម្មហ្នឹងឯង។ ពីព្រោះក្នុងប្រព័ន្ធជំនឿខ្មែរ គោឧសភរាជដែលភ្ជួរវាលព្រះស្រែក្នុងព្រះរាជពិធីនេះ គឺជានិមិត្ដរូបគោនន្ទិៈជាយានជំនៈព្រះឥសូរ ដូចយើងឃើញតាមប្រាង្គប្រាសាទនានាយ៉ាងដូច្នោះឯង។

ដោយស្ថិតត្រង់ចំណុចហ្នឹងហើយ ទើបយើងឃើញផងដែរថាក្នុងព្រះរាជពិធីនេះ មានការតំាងពិព័រណ៍នូវភោគផលកសិកម្មឬសមិទ្ធិផ្សេងៗទៀត របស់ប្រជាកសិករក្នុងខេត្ដ ឬតំបន់នីមួយៗដើម្បីបង្ហាញអំពីឧត្ដមភាពភោគផលរបស់ខ្លួន ជូនដល់មតិជាតិ និងអន្ដរជាតិ។

លោក រត្ន័ សណ្ដាប់ បន្ដថាក្នុងកិច្ចពិធីដ៏ថ្កំថ្កើងនេះដែរ បើថ្លែងពីសាវតារគឺមានប្រវត្ដិ ជាប់ទាក់ទងនូវរូបបដិមាករដែលហៅថា «ពលរាម ឬពលទេព» ដៃកាន់នង្គ័លជាកេតនភណ្ឌមានតំាងពីសម័យនគរភ្នំមកម៉្លេះ។ប្រពៃណីនេះ ក៏បានបន្ដមកដល់កូនចៅសម័យអង្គរ រហួតមកដល់បច្ចុប្បន្នយើងនេះ។ ជាក់ស្ដែងនៅសម័យកណ្ដាល យើងឃើញដូនតាខ្មែរយើងនាសម័យនោះ មានក្រមសម្រាប់គ្រប់គ្រងលើវិស័យកសិកម្មហៅថា«ក្រមពលទេព ឬក្រមពហុលពលទេព»យ៉ាងអស្ចារ្យផងដែរ។ រីឯមន្រ្ដីគ្រប់គ្រងវិស័យនេះវិញ គេហៅថា «ឧកញ៉ាពលទេព» គឺមិនខុសពីងារមន្រ្ដីយមរាជ ដែលជាអ្នកគ្រប់គ្រងក្រសួងយុត្ដិធម៌យ៉ាងដូច្នេះនោះទេ។

ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បានថ្លែងបញ្ជាក់ផងដែរថាចំពោះព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្ដូរពីវាលព្រះស្រែពីរាជធានីភ្នំពេញទៅរៀបចំនៅតាមបណ្ដាខេត្ដនានាដូចយើងឃើញសព្វថ្ងៃនេះ គឺចាប់ពីសម័យសម្ដេចឪព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងនេះឯង។

បើដូច្នេះចំពោះព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុតនៃយើង ស្ដេចយាងច្រត់ព្រះនង្គ័លនៅខេត្ដស្វាយរៀងឆ្នាំ២០១៨នេះ គឺខេត្ដនេះមានភ័ព្វសំណាងដោយបានរៀបចំប្រារព្វព្រះរាជពិធីនេះ មានចំនួនលើកទី២គឺលើកទីមួយ៖ នៅឆ្នាំ១៩៦៦ សម័យសម្ដេចឪព្រះបរមរតនកោដ្ឋនៃយើង និងលើកទីពីរ៖ ឆ្នាំ២០១៨នេះឯង៕