(ភ្នំពេញ)៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានអំពាវនាវឲ្យគ្រប់ម្ចាស់គម្រោង ដែលកំពុងសាងសង់ និងគ្រោង​នឹង​សាងសង់គម្រោងនានា ដូចជាខុនដូ, រមណីយដ្ឋាន, ភោគជនីយដ្ឋាន, ផ្ទះ, បុរីជាដើម សូមមេត្តារៀបចំប្រព័ន្ធគ្រប់គ្រងកាកសំណល់​រឹង​រាវ ឲ្យបានល្អជាមុនសិន មុននឹងសាងសង់ ដើម្បីជួយការពារបរិស្ថាន នៅក្នុងប្រទេសកម្ពុជា។

ការលើកឡើងបែបនេះ របស់លោកទេសរដ្ឋមន្រ្ដី ធ្វើឡើងនាឱកាសដែលលោកអញ្ជើញ ចូលរួមក្នុងការរបើកដំណើរការបុកគ្រឹះសាងសង់គម្រោង​លំនៅដ្ឋាន The Palms នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ។

លោកទេសរដ្ឋមន្រ្ដីបានលើកឡើងថា «ជាការសំណូមពររបស់ខ្ញុំ ទៅលើម្ចាស់គម្រោង ដែលសាងសង់លំនៅដ្ឋាន, សណ្ឋាគារ, ភោគជនីយដ្ឋាន, បុរី, ខុនដូនានាទូទាំង​ប្រទេស ក្នុងការរួមចំណែកការអភិវឌ្ឍន៍បរិស្ថាន...ម្ចាស់គម្រោងទាំងអស់ ត្រូវរៀបចំកាកសំណល់ រឹងរាវជាមុនសិន ដើម្បីជួយសំអាត​បរិស្ថានឲ្យបានស្អាតល្អ ហើយសូមជៀសវាងការបង្ហូរកាកសំណល់រឹងរាវទៅបំពងលូធំ ដែលមិនបានធ្វើចម្រោះឲ្យមានស្ដង់ដារ និងត្រឹមត្រូវមុននឹងបង្ហូរទៅបំពង់លូមេ ក៏ដូចជាបង្ហូរទៅទីកន្លែងណាដែលមានការចំាំបាច់ សូមកុំឲ្យមានការប៉ះពាល់ជាមួយបញ្ហាបរិស្ថាន»

លោកទេសរដ្ឋមន្រ្ដីបានបន្ថែមទៀតថា ដោយឡែកសម្រាប់លំនៅដ្ឋាន ដែលសាងសង់កាលពីមុននោះ ខាងក្រសួងដែនដី ក៏បាននឹងកំពុងរៀបចំ​ធ្វើឲ្យមានការសំអាត ចេញពីក្រុមគ្រួសារមួយ ទៅក្រុមគ្រួសារមួយទៀត​ មុននឹងបង្ហូរកាកសំណល់។

លោកបានបញ្ជាក់ទៀតថា «ចំពោះខេត្តព្រះសីហនុវិញ ដើម្បីរួមចំណែកការពារតំបន់ឆ្នេរ មុននឹងលើកយកគម្រោងអ្វីមួយមកសុំច្បាប់សាងសង់ ​ពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សូមឲ្យមានការរៀបចំប្រព័ន្ធចម្រោះទឹក (ធ្វើប្រព័ន្ធប្រតិកម្មទឹក) ឲ្យបានល្អ និងមានស្ដង់ដារខ្ពស់ជាងមុន, មុននឹងរៀបចំគម្រោងសាងសង់ដទៃទៀត»