(បន្ទាយមានជ័យ)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ បានសហការណ៍ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះពិនិត្យជាក់ស្តែងនៅតាមតូប ក្នុងផ្សារកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងបានរកឃើញមានទំនិញចម្រុះជាច្រើនប្រភេទផុតកាលបរិច្ឆេទ គ្មានគុណភាពប្រមាណជា ៥០០គីឡូក្រាម។

លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋអាជីវករ មួយចំនួនពុំបានជ្រាបដឹងនូវបញ្ហាមុខទំនិញមានគុណភាព និងគ្មានគុណភាពបានច្បាស់លាស់ឡើយ ដូច្នេះក្នុងនាមលោកជាមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ខ្ពស់ បញ្ហាសុខទុក្ខ សុវត្ថិភាព សុខភាពជូនមហាជន។

លោកប្រធានសាខាបន្តថា មន្ត្រីជំនាញធ្វើការដកហូតមុខទំនិញជាច្រើនមុខពីអាជីវករ ដែលបង្កឲ្យពួកបាត់បង់ផលចំណេញ បាត់បង់នូវថវិកា មូលហេតុដោយសារពួកគាត់ធ្វេសប្រហែសដោយខ្លួនឯង តែយ៉ាងណា មន្ត្រីជំនាញទទូចហើយ ទទូចទៀតឲ្យប្រយ័ត្នបន្ថែមទៀត ចំពោះមុខទំនិញដែលខ្លួនបានគ្រប់គ្រងជារៀងរាល់ថ្ងៃ។

សូមបញ្ជាក់ថា មន្ត្រីជំនាញបានដកហូតទំនិញនាំយកពីប្រទេសថៃ ចិន វៀតណាម បានរួមមាន៖ ទឹកក្រចដបធំចំនួន ៩១ដប,ទឹកក្រូចដបតូចចំនួន ១៩០ដប, ភេសជ្ជៈប៉ូវកម្លាំងចំនួន ៦ដប, ទឹកដោះគោក្មេងចំនួន ២៤ដប, នំដំឡូង នំកញ្ចប់ចំនួន ៥កញ្ចប់, សាច់ផាត់កំប៉ុងចំនួន ១កំប៉ុង, នំកញ្ចប់ចំនួន ៩ថង់, ស្កគ្រាប់ចំនួន ៧ថង់, បាយក្តាំងកញ្ចប់ចំនួន ៥ថង់, ទឹកស៊ីអ៊ីវចំនួន ១៨ដប, ទឹកដោះគោស្រស់ចំនួន ៤កំប៉ុង, ស្កគ្រាប់ចំនួន ៩៥កញ្ចប់, នំផ្អែម ស្រួយចំនួន ២២កញ្ចប់, ដំណាប់ចេកចំនួន ១១កញ្ចប់, នំចង្កឹះកញ្ចប់ចំនួន ២៨កញ្ចប់។

ទំនិញផុតកាលបរិច្ឆេទ និងគ្មានគុណខាងលើ មន្ត្រីកាំកុងត្រូលត្រៀមយកទៅដុតកម្ទេចចោល ដោយឡែកម្ចាស់ទំនិញទាំងអស់បានធ្វើកិច្ចសន្យា បញ្ឈប់ការដាក់តាំងលក់បែបនេះតទៅទៀត៕