(ភ្នំពេញ)៖ នៅតាមដងផ្លូវ និងគោលដៅភ្លើងស្ដុបនានាក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋតែងតែឃើញនគរបាលចរាចរណ៍មួយក្រុម នៅយាមប្រចាំការ ដើម្បីបំពេញភារកិច្ច ទី១៖ ការសម្រួលចរាចរណ៍ នៅពេលមានបញ្ហាកកស្ទះម្ដងៗ, ទី២៖ ការជួយអន្ដរាគមន៍នៅពេលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍កើតឡើង និងទី៣៖ការចាប់ផាកពិន័យពីអ្នកធ្វើដំណើរលើ្មសច្បាប់ចរាចរណ៍ជាដើម។

ប៉ុន្ដែសម្រាប់ក្រុមមន្ដ្រីចរាចរណ៍ទាំងនេះ មិនមែនជាមន្ដ្រីនគរបាលចរាចរណ៍ពេញសិទ្ធិទាំងអស់នោះឡើយ ដែលជាកងកម្លាំងនគរបាលជាតិ ក្នុងនោះគឺមានមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យា របស់សាលារាជធានីភ្នំពេញផងដែរ។

ចំពោះសកម្មភាពមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យាមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ និងការភ័ន្ដច្រឡំពីមហាជនទូទៅ ដោយសារតែពួកគេ ស្លៀកសំលៀកបំពាក់ដែលមានឯកសណ្ឋាន ដូចនគរបាលចរាចរណ៍ផងដែរ គ្រាន់តែគ្មានស័ក្ដិនៅលើស្មា និងមានស្លាកសញ្ញារបស់សាលារាជធានីភ្នំពេញ ហេតុដូច្នេះទើបលោកឧត្តមសេនីយ៍ផ្កាយបី រុន រ័ត្នវាសនា​ ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ក្រសួងមហាផ្ទៃ បានបញ្ចេញជាយោបល់ គួរបញ្ឈប់សកម្មភាពរបស់ក្រុមមន្ដ្រីជាប់កិច្ចសន្យាទាំងនេះ ដោយបញ្ជូនទៅកាន់អង្គភាពដើមវិញ។

មូលហេតុដែលនាំឲ្យមេនគរបាលចរាចរណ៍រូបនេះ សុំការអំពាវនាវយ៉ាងដូច្នេះ ក៏ព្រោះតែព័ត៌មានជាច្រើនដែលលោកទទួលបាន បូកទាំងហេតុការណ៍ ដែលបានកើតឡើង កាលពីពេលថ្មីៗនេះ ចំពោះមន្ដ្រីចរាចរណ៍២នាក់ ទារលុយ២០ដុល្លារ ពីជនជាតិវៀតណាម ដោយសារជិះហួសភ្លើងស្ដុប បណ្ដាលឲ្យមានការរិះគន់យ៉ាងខ្លាំង ហើយត្រូវបានទទួលការផាកពិន័យ និងស្នើឲ្យបណ្ដេញចេញ។

ចំពោះមន្រ្តីទាំង២រូបនេះ ត្រូវបានលោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា អះអាងថា «ក្នុងចំណោមមន្ដ្រី២នាក់នេះ មានម្នាក់ជាមន្ដ្រីចរាចរណ៍ជាប់កិច្ចសន្យា និងម្នាក់ទៀតជាមន្រ្តីនគរបាលចរាចរណ៍ពិតប្រាកដ»

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ផ្កាយ៣ រុន រ័ត្នវាសនា បានផ្ដល់ជាយោបល់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ការដាក់មន្ដ្រីជាប់កិច្ចសន្យា ដែលពាក់ឯកសណ្ឋានដូចនគរបាលចរាចរណ៍ ដែលធ្វើឲ្យមានការភ័ន្ដច្រឡំពីប្រជាពលរដ្ឋ ដែលពួកគាត់មិនដឹងថា ពួកគាត់ជាប៉ូលីស ហើយពួកគាត់គ្មានភារកិច្ចដែលហៅមធ្យោបាយធ្វើដំណើរ តាមដងផ្លូវ ហើយគ្មានភារកិច្ចពាក់​ឯកសណ្ឋានដូចនគរបាលចរាចរណ៍នោះឡើយ ដូច្នេះគួរតែបញ្ឈប់សកម្មភាពរបស់ពួកគាត់ ដោយបញ្ជូនទៅអង្គភាពដើមវិញ។ មន្រ្តីជាប់កិច្ចសន្យា ដែលធ្វើខុសភារកិច្ច ធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពរបស់ មន្រ្តីនគរបាលចរាចរណ៍ទូទាំងប្រទេស»

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាខាងផ្នែកចរាចរណ៍ជាង៥០០នាក់ គោលបំណងដើម្បីជួយសម្រួល បញ្ហាកកស្ទះចរាចរណ៍ នៅតាមដងផ្លូវនានា នៅក្នុងរាជធានីភ្នំពេញ ដោយពួកគេមានឯកសណ្ឋាន ដូចនគរបាលចរាចរណ៍យ៉ាងដូច្នោះដែរ គ្រាន់តែគ្មានស័ក្ដិពាក់ និងមានស្លាករបស់សាលារាជធានីភ្នំពេញ៕