(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងក្រុមទី៧ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ នៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ដែលធ្លាប់រអ៊ូរទាំកន្លងមក បែរជាមានការសប្បាយរីករាយយ៉ាងក្រៃលែងឡើងវិញ បន្ទាប់ពីរួមចំណែកទទួលបានផ្លូវថ្មើរជើងក្រាលចាក់ជាបេតុង១ខ្សែរ សម្រាប់ធ្វើដំណើរចេញចូលលំនៅដ្ឋាន ដើម្បីប្រកបរបរទទួលទាន ដែលទើបនឹងស្ថាបនារួចរាល់ជាស្ថាពរ ក្រោមការផ្ដួចផ្ដើមពីលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ និងមន្ត្រីពាក់ព័ន្ធ ដោយមានការជ្រោមជ្រែងទាំងកម្លាំងប្រាជ្ញាស្មារតី និងថវិកាផងដែរពីលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ។

ចៅសង្កាត់ច្រាំងចំរេះទី២ លោក វ៉ាន់ ផន បានមានប្រសាសថា ផ្លូវក្រាលចាក់ជាបេតុង១ខ្សែរ ដែលធ្វើដំណើរដោយថ្មើរជើង មានប្រវែង ១៥០ម៉ែត្រ និងទទឹង២ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់ជាស្ថារពរ ក្នុងការធ្វើដំណើរចេញ-ចូលលំនៅដ្ឋាន និងដើម្បីប្រកបរបរទទួលទាន តាមសំណូមពររបស់ប្រជាពលរដ្ឋ។

លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះ២ បានមានប្រសាសទៀតថា អាជ្ញាធរបានខិតខំប្រឹងប្រែង ទាំងកម្លាំងកាយប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់បញ្ហាផ្សេងៗ ពិសេសសេវាតម្រូវការ ក៏ដូចជាសេវាសំណូមពរ លើបញ្ហាផ្លូវ មានជង្ហុគតូចធំ កើតជាសំបុកមាន់នានា គឺត្រូវបានដោះស្រាយជាបន្តបន្ទាប់ និងបញ្ហាកកស្ទះប្រព័ន្ធលូជាដើម ដែលជាសេវាតម្រូវការនៅចំពោះមុខមួយ ចាំបាច់ត្រូវតែធ្វើការដោះស្រាយតាមលទ្ធភាព ដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបភ្លាមៗ ឲ្យទាន់សភាពការណ៍ ដោយពុំបានគិតពីពេលវេលា បន្ទាប់ពីទទួលបានសំណូមរពីប្រជាពលរដ្ឋ ក្នុងការបម្រើដោយគ្មានលក្ខខណ្ឌឡើយ ឲ្យស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕