(ព្រះវិហារ)៖ ក្នុងជំនួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសមេដាយការពារជាតិ ជូនអតីតយុទ្ធជនមកពីរ៣ស្រុក ក្នុងខេត្តព្រះវិហារចំនួន៥០០នាក់ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ មាស សុភាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានប្រាប់ឲ្យអតីតយុទ្ធជនទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយនាយឧត្តមសេនីយ៍អះអាងថា «បើគ្មានសម្តេចតេជោ ហ៊ុន សែន ទេ ប្រទេសជាតិ មិនមានការអភិវឌ្ឍន៍ និងទទួលបានសុខសន្តិភាពឡើយ»

នាយឧត្តមសេនីយ៍ មាស សុភា បានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខដឹកនាំកម្ពុជាដែលធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ មានសុខសន្តិភាព ដោយសម្តេចបានតម្កល់ប្រយោជន៍ជាតិ និងប្រជាជនពលរដ្ឋកម្ពុជាទាំងមូលជាធំ។ ជាពិសេស បន្ទាប់ពីបានតស៊ូរំដោះប្រទេសឲ្យរួចផុត ពីរបបកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយនោះ សម្តេចបានប្រឹងប្រែងអស់ កម្លាំងកាយចិត្ត ក្នុងការបញ្ចប់ភ្លើងសង្គ្រាម ស្វែងរកសុខសន្តិភាពសម្រាប់ជាតិ និងបានអភិវឌ្ឍន៍ជាតិមាតុភូមិ ឲ្យបានរីកចម្រើនគ្រប់វិស័យដូចពេលបច្ចុប្បន្ន។

នាយឧត្តមសេនីយ៍ មាស សុភា ក៏បានអំពាវនាវឲ្យបងប្អូនអតីតយុទ្ធជន យើងត្រូវជឿជាក់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលរបស់យើង។ ព្រោះសម្តេច បានតម្កល់ប្រយោជន៍ជាតិ និងប្រយោជន៍ប្រជាពលរដ្ឋជាធំ ហើយគ្រប់ពេលវេលាទាំងអស់ គឺបានប្រឹងប្រែងអភិវឌ្ឍន៍ជាតិយើងឲ្យបានរីកចម្រើន និងជួយឲ្យជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងបងប្អូនអតីតយុទ្ធជនរបស់យើងផងឲ្យមានភាពល្អប្រសើរ។ សម្តេច គឺជារដ្ឋបុរស គឺជាកុលបុត្រខ្មែរ ដែលពលីកម្មសព្វបែបយ៉ាងដើម្បីជាតិរបស់យើង ដូច្នេះយើងត្រូវតែជឿជាក់ និងត្រូវតែគាំទ្រសម្តេចនាយករដ្ឋមន្ត្រីរបស់យើង។

ទន្ទឹមនឹងការអំពាវនាវឲ្យជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយនោះ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានអំពាវនាវដល់អតីតយុទ្ធជន ត្រូវរួមគ្នាការពារឲ្យបានគង់វង្ស នូវសុខសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជន និងការប្រឹងប្រែងយ៉ាងខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ មាស សុភា ក៏បានស្នើឲ្យអតីតយុទ្ធជនចូលរួមអនុវត្តន៍ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព តាមរយៈនៃការស្ម័គ្រចិត្ត ធ្វើជាភ្នាក់ងាររាយការណ៍ឲ្យប៉ុស្តិ៍រដ្ឋបាលឃុំ ដើម្បីផ្តល់ព័ត៌មានអំពីល្បែងស៊ីសង ការចរាចរគ្រឿងញៀន ភាពមិនប្រក្រតី និងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីឲ្យសមត្ថកិច្ចចាត់ការបង្ក្រាបឲ្យមានប្រសិទ្ធភាព ធានាឲ្យភូមិឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។

ដោយឡែក លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានថ្លែងថា ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន ខិតខំគ្រប់បែបយ៉ាងដើម្បីបងប្អូន អតីតយុទ្ធជនយើងនោះ សូមបងប្អូនអតីតយុទ្ធជនយើងត្រូវតបស្នងសងគុណចំពោះសម្តេចតេជោ ហ៊ុន សែន វិញតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។  ទន្ទឹមនិងនោះ លោក អ៊ុន ចាន់ដា ក៏បានធ្វើការណែនាំឲ្យបងប្អូនអតីតយុទ្ធជនយើង ត្រូវខិតខំថែរក្សាសុខភាពអោយបានល្អផងដែរ។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានឲ្យដឹងថា នៅខេត្តព្រះវិហារ មានអតីតយុទ្ធជនចំនួន២០២៤នាក់ ក្នុងនោះ មានសមាជិកអតីតយុទ្ធជនចំនួន១៦២៦នាក់ ក្នុងនោះ មានបងប្អូនមានជីវភាពលំបាកអត់ដី អត់ផ្ទះ ត្រូវបានដោះស្រាយជូនជាបន្តបន្ទាប់ ហើយចំពោះបងប្អូនគ្រួសារអតីតយុទ្ធជន ដែលពលីក៏ត្រូវបានសមាគមដោះស្រាយជូនថវិការបេឡាមរណះភ្លាម ក្រៅពីនោះសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ក៏ បានលើកផ្ទះជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រលំបាកបានជាច្រើនខ្នងផងដែរ៕