(បាត់ដំបង)៖ បន្ទាប់ពីបានបញ្ចប់ការប្រកាសសុពលភាពអស់រយៈពេល៥ថ្ងៃ នៅតាមបណ្តាភូមិទាំង១០ ដែលបានចាប់ផ្តើមពីរសៀលថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ សមាជិកគណៈកម្មាធិការកណ្តាល គណប្រជាជនកម្ពុជា ប្រធានក្រុមការងារប្រជាជនកម្ពុជា ចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង បានប្រាប់មេក្រុម អនុក្រុម និងគ្រួសារបក្សមកពី១០ភូមិ ក្នុងឃុំទាំងអស់ នៅទីស្នាក់ការបក្សឃុំថា «យើងទាំងអស់គ្នា ត្រូវរួមបន្តដោះស្រាយបញ្ចប់បញ្ហាវិវាទគ្នា ការថ្នាំងថ្នាក់គ្នារវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែល នៅសេសល់កន្លងមក ត្រូវជម្រះឲ្យអស់ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានឲ្យបានល្អ ដើម្បីទទួលបានសម្លេងគាំទ្រពីពួកគាត់គាំទ្រដល់បក្សប្រជាជនឈ្នះឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៦ខាងមុខនេះ»។

លោកប្រធានគណៈពង្រឹងបានឲ្យដឹងថា មេភូមិទាំង១០ ប្រធាន អនុប្រធាន និងគ្រួសារបក្សទាំងអស់ថា បញ្ហាគ្រប់បែបយ៉ាង ដែលនៅសេសសល់ក្នុងមូលដ្ឋាន មិនទាន់បានដោះស្រាយអស់ នោះ គឺថ្នាក់ដឹកនាំមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវដោះស្រាយ បញ្ហាសតិអារម្មណ៍ ការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋជាមួយ អាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយឲ្យអស់ ហើយនាំគ្នាខិតខំបម្រើ សេវាសាធារណៈផ្សេងៗ ជូនពួកគាត់ឲ្យបានល្អ ហាមយកលុយក្រៅពីពួកគាត់ដាច់ខាត និងបម្រើពួកគាត់ឲ្យបានលឿន រហ័ស ទាន់ចិត្ត ត្រឹមត្រូវមានតម្លាភាព។

លោកប្រធានបានបញ្ជាក់ថា «យើងទាំងគ្នាក៏ត្រូវសហការគ្នាចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្តិភាព ផងដែរ មិនឲ្យមានបទល្មើសផ្សេងៗ ដូចជា ល្បែងស៊ីសងគ្រប់ប្រភេទ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន មិនឲ្យមានដាច់ខាតក្នុងមូលដ្ឋានឃុំយើងប្រកបដោយសុខសុវត្តិភាព»

លោក ហែម ថេង បានបន្តថា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៦ នាចុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ សូមឲ្យប្រជាពលរដ្ឋយើងមានសាមគ្គីភាពគ្នា ចេះស្រឡាញ់គ្នា និងអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ពិសេសបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមជ័យជម្នះបានដឹកនាំប្រទេសជាតិបន្តទៀត។

លោកបានប្រាប់ក្រុមបក្សទាំងអស់ថា «បើយើងចង់បានសម្លេងគាំទ្រពីប្រជាពលរដ្ឋ ចេញពីបេះដូងពួកគាត់បាននោះ គឺយើងជាអ្នកដឹកនាំក្នុងមូលដ្ឋានទាំងអស់គ្នា ត្រូវខិតខំបម្រើពួកគាត់ឲ្យបានល្អ មិនត្រូវគាបសង្កត់យកលុយសេវាក្រៅតាមចិត្តខ្លួននោះទេ ធ្វើឲ្យគាត់ស្រឡាញ់រាប់អានមានភាពកក់ក្តៅ គឺពិតជាមានការគាំទ្រពីពួកគាត់បាន ហើយយើងក៏បានទទួល ជ័យជម្នះ ពិតប្រាកដក្នុងការបោះឆ្នោតនោះផងដែរ»

ក្នុងពិធីនេះដែរ លោកប្រធានក្រុមការងារបានបញ្ជាក់ ពីការរៀបចំអ្នកសង្កេតការណ៍បក្សក្នុងឃុំទាំងអស់ ត្រូវធ្វើតាមគោលការណែនាំពីថ្នាក់ដឹកនាំក្រុមការងារ និងពិភាក្សាគ្នាអំពីការងារនេះបន្ថែមទៀត ដើម្បីពង្រឹងត្រៀមលក្ខណៈ អនុវត្តការងារនេះប្រកបដោយជោគជ័យមិនឲ្យមានការអសកម្មការងារនេះបានឡើយ។

លោកមេភូមិ ប្រធាន អនុប្រធាន និងគ្រួសារបក្ស ទាំងអស់បានមានមតិមួយចំនួនពីចំណុចខ្វះខាត និងចំណុចខ្លាំង ព្រមទាំងនាំគ្នាប្តេជ្ញាចិត្តដូចៗគ្នាថា នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមបានជ័យជម្នះឲ្យបាន១០០ភាគរយ និងបានផ្តល់ឱកាសជូនថ្នាក់ដឹកនាំកំពូលពិសេសសម្តេចតេជោ ហ៊ុន សែន បានធ្វើជានាយករដ្ឋមន្រ្តីនីតិកាលទី៦ខាងមុខនេះ បានដឹកនាំប្រទេសជាតិ បន្តការកសាង និងអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើនសម្បូរណ៍សប្យាយមានសន្តិភាពតទៅ។ ជាងនេះទៅទៀត ប្រធានក្រុមការងារ ក៏បានសំណូមពរដល់មន្រ្តីបក្សទាំងអស់ ត្រូវយកចិត្តទុកដាក់លើការពារ សន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អ និងទីគាប់ចិត្តរបស់ពួកគាត់។

ក្នុងពិធីប្រជុំបូកសរុបនេះដែរ លោកប្រធានក្រុមការងារ បានឧត្ថមថវិកាកម្តរដៃអ្នកចូលរួមជិត១០០នាក់ក្នុងម្នាក់ៗទទួលបាន៥ម៉ឺនរៀល និងជូនបាយសាមគ្គីនៅពេលល្ងាចថ្ងៃដដែល ដើម្បីអបអរសាទរបញ្ចប់ការងារផងដែរ។ ជាមួយគ្នានេះ ក្រុមការងារបានផ្តល់ស្បៀង និងសម្ភារមួយចំនួនមានអង្ករ មុង ភួយ សារ៉ុង ក្រមា ដល់មេបក្សឃុំសម្រាប់យកទៅចែកជូនដល់ជនក្រីក្រ ឬអ្នកដែលត្រូវការសង្រ្គោះបន្ចាន់ចាំបាច់បំផុតផងដែរ៕