(ភ្នំពេញ)៖ លោកស្រី ឆៃច័ន្ទរិទ្ធី សូលីដា ម្ចាស់ក្រុមហ៊ុន Solida K.A Co,.Ltd និងជាម្ចាស់ហាង «សូលីដាកាហ្វេ» បានបោះទុនជាង២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក បើកហាងកាហ្វេដ៏ប្រណិតមួយ ដែលមានដាក់លក់រសជាតិកាហ្វេជាង១០០មុខ មានរសជាតិស្តង់ដារអន្តរជាតិ គ្មានសារធាតុគីមី និងជា Franchise របស់ខ្មែរពិតៗ។

ហាង «សូលីដាកាហ្វេ» មានទីតាំង ស្ថិតនៅ ផ្លូវ២៧១ស្ទួន កែងនឹងវិទ្យាល័យជាស៊ីមសាមគ្គី សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក  រាជធានីភ្នំពេញ។

ហាងកាហ្វេឈ្មោះខ្មែរ «សូលីដាកាហ្វេ» នេះ បានបើកសម្ពោធជាផ្លូវការហើយ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ ដោយមានការអញ្ជើញចូលរួមជាកិក្តិយសពីសំណាក់ លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី, លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន, លោកស្រី ម៉ៅ ម៉ាល័យ កែ គឺមយ៉ាន, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោកស្រី រិទ្ធីសូលីដា ដែលជាអគ្គនាយិកាស្ថានីយ៍វិទ្យុ និងទូរទស្សន៍សូលីដា និងបច្ចុប្បន្នជា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា ការបើកហាងនេះ ដោយសារតម្រូវការទីផ្សារនៅកម្ពុជា កំពុងពេញនិយមពីសំណាក់ ស្រទាប់មនុស្សគ្រប់វ័យ។

លោកស្រី សូលីដា អះអាងថា ការហ្វេនៅហាង «សូលីដាកាហ្វេ»  គឺបានធានាស្តង់ដារអន្តរជាតិ និងមានច្រើនប្រភេទខុសពីការហ្វេធម្មតា ហើយបានចុះបញ្ជីស្តង់ដារពីសហគមន៍អឺរ៉ុប។ ជាងនេះអាចលក់ នៅលើកពិភពលោកបាន។ ដូច្នេះអាជីវករទាំងអស់ អាចជាវ កាហ្វេពីហាង «សូលីដាកាហ្វេ» បានដោយមានតម្លៃធូរថ្លៃ ដើម្បីយកទៅលក់បន្តបាននៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជាបាន។

លោកស្រីបញ្ជាក់ថា «គោលដៅថ្ងៃនេះ យើងផ្តោតលើបរិស្ថានដោយមានពាក្យស្លោកថា យើងយកចិត្តទុកដាក់លើបរិស្ថាន បងប្អូនប្រជាពលរដ្ឋជាវកាហ្វេ ហើយអាចកាន់កែវមកដោយខ្លួនឯង នឹងបញ្ចុះតម្លៃ៥០០រៀល»

លោកស្រីថា «កម្ពុជាយើងបងប្អូនប្រជាពលរដ្ឋ ចូលចិត្តពិសាកាហ្វេណាស់ ជាក់ស្តែងកន្លែងណាក៏មានហាងកាហ្វេដែរ ប៉ុន្តែ សូលីដា យើងបានគិតពីទីផ្សាររួចហើយ នឹងដណ្តើមទីផ្សារឲ្យបាន។ បងប្អូនយុវវ័យគាត់ចូលចិត្តញុំាការហ្វេច្រើនណាស់។ យើងមានមុខ​បញ្ជីរាយនាម ឈ្មោះប្រភេទកាហ្វេ មានជាង១០០មុខ ដែលហាងកាហ្វេផ្សេងៗ នៅកម្ពុជាយើងមានជាង៣០មុខ»។

យ៉ាងណាក៏ដោយ លោកស្រី រិទ្ធីសូលីដា បានបញ្ជាក់ជំហរថា ហាង «សូលីដាកាហ្វេ» នឹងពង្រីកសាខាឲ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ទោះបីជាទីផ្សារកាហ្វេ កំពុងរីកដុះដាលដូចផ្សិតក៏ដោយ៕