(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ដោយសារតែកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ទើបមានឱកាសបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួន ទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ UN) ទាំងនេះស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានថ្លែងបែបនេះ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងពិធីជូនដំណើរកងកម្លាំងវិស្វរកម្មព្រលានយន្ដហោះ លេខ១៩៨ ចូលរួមបេសកកម្មរក្សាសន្ដិភាពរបស់ អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋម៉ាលី និងនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានឱ្យដឹងថា ប្រទេសជាតិនីមួយៗ នៅលើពិភពលោកតែងតែចង់បាននូវសន្ដិភាព ពីព្រោះថាមានសន្ដិភាព​ គឺមានការអភិវឌ្ឍ ដូច្នេះគ្មានប្រទេសជាតិណាមួយ ដែលចង់បានសង្គ្រាមនោះទេ។

នាយឧត្តមសេនីយ៍ បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាអាចបញ្ជូនកងទ័ពរបស់ខ្លួនទៅចូលរួមបេសកកម្មរបស់អង្កការសហប្រជាជាតិ (UN) អាស្រ័យដោយប្រទេសជាតិមានសន្ដិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា»។

នាយឧត្តមសេនីយ៍ បានអះអាងថា នាពេលថ្មីៗនេះ ជាការឆ្លើយតបទៅនឹងតម្រូវការ UN កម្ពុជានៅតែប្ដេជ្ញាចិត្តខ្ពស់បន្ដសកម្មភាពជាអាទិភាព ក្នុងការថែរក្សា និងពង្រឹងសន្ដិភាពស្ថិរភាព ក្នុងប្រទេសក៏ដូចជាបន្ដសកម្មភាពមនុស្សធម៌ តាមរយៈការចូលរួមបេសកម្ម ថែរក្សាសន្ដិភាពរបស់ UN និងបានបញ្ជាក់ជំហរជាថ្មីថាទោះបីកងទ័ពកម្ពុជា ត្រូវបានរងវាយប្រហារពីក្រុមឧទ្ទាមនៅម៉ាលី ប៉ុន្ដែកម្ពុជាមិនរាថយ នូវតែតស៊ូប្ដូរផ្ដាច់ លះបង់សាច់ស្រស ឈាមស្រស់ដើម្បីសន្តិភាពនោះទេ។

នាយឧត្តមសេនីយ៍ បានបន្ដថា កម្ពុជាបានចាត់ទុកសន្ដិភាព គឺជាអាទិភាពចម្បង ដែលឈរលំដាប់ខ្ពស់បំផុតរបស់ប្រទេសជាតិ ក្រោមម្លប់សន្ដិភាព កម្ពុជាមានឱកាសក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន លើកកម្ពស់កិត្តិយសនិងសិទ្ធិស្មើភាពនៅឆាកអន្ដរជាតិ។

ឆ្លៀតឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ ប៉ុល សារឿន ក៏លើកឡើងទៀតថា ក្នុងបុព្វហេតុថែរក្សាឱ្យបានរឹងមាំនូវសន្ដិភាព ការពារខឿនសន្ដិសុខជាតិ ស្ថិរភាពនយោបាយ និងការពារភាពសុខដុមរមនា នៃសង្គមជាតិកម្ពុជាត្រូវបានអនុវត្តន៍នូវវិធានការច្បាប់ដ៏ម៉ឹងម៉ាត់ ទប់ស្ដាត់ដោយជោគជ័យ នូវបាយកលបដិវត្តន៍ពណ៌របស់អតីតគណបក្សប្រឆាំងដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ គឺជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ក្នុងការថែរក្សាសន្ដិភាព សុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងបុព្វហេតុទាំងនេះកងយោធពលខេមរភូមិន្ទ បានប្ដេជ្ញាចិត្តយ៉ាមុតមាំក្នុងកិច្ចការពារ ឱ្យបានកាន់តែរឹងមាំនូវសន្ដិភាពហើយប្រឆាំងដាច់ខាតនូវបដិវត្តន៍ពណ៌ ឬចលនាជ្រុលនិយមណាមួយដែលមានចរិកបំផ្លាញសន្ដិភាពរបស់ជាតិ។

ជាមួយគ្នានេះលោក Alexander Huynh អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានថ្លែងថា កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលកំពុងបញ្ជូនលទៅបំពេញបេសកកម្មរបស់ខ្លួន នៅសាធារណរដ្ឋម៉ាលី និងប្រទេសស៊ូដង់ខាងត្បូង មានចំងាយឆ្ងាយពីផ្ទះសម្បែង ហើយបេសកកម្មនេះ បានផ្តល់នូវការសាកល្បងលើជំនាញ និងសមត្ថភាពបុគ្គលផ្ទាល់ខ្លួន។

ម្យ៉ាងវិញទៀត បេសកកម្មនេះ នឹងបង្ហាញពីឱកាសដែលកងកម្លាំងមួកខៀវ នឹងត្រូវអនុវត្តដើម្បីនាំមកនូវកិត្តិយសជូនអង្គភាពរបស់ខ្លួន មិត្តរួមជំនាន់ ជាពិសេសេការនាំមកនូវកិត្តិយសដ៏ធំធេង ជូនប្រទេសកម្ពុជា ដែលបានប្តេជ្ញាចិត្តដើម្បីចូលរួមរក្សាសន្តិភាព សន្តិសុខ និងមិត្តភាពក្នុងក្របខណ្ឌអន្តរជាតិ។

លោក Alexander Huynh បានបន្តថា ការធ្វើដំណើររបស់កងកម្លាំងរក្សាសន្តិភាពកម្ពុជានាពេលនេះ គឺជាជំហានចូលក្នុងសហគមន៍ នៃបណ្តាប្រទេសរួបរួមគ្នាដើម្បីស្វែងរកសន្តិភាព និងអនាគតដ៏ប្រសើរសម្រាប់គ្រប់មនុស្សជាតិក្នុងពិភពលោកទាំងមូល។ ការប្តេជ្ញាចិត្តក្នុងការជួយដល់អ្នកដទៃ ព្រមទាំងចែករំលែកបទពិសោធន៍ គឺជួយសង្គ្រោះអាយុជីវិតជាច្រើន ហើយជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ គឺជាប្រភពនៃការលើកទឹកចិត្តដល់មនុស្សជាច្រើននាក់ផងដែរ។

សូមបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំទី១២ហើយ ដែលកម្ពុជា បានបញ្ចូនកងកម្លាំងទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព​ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាមួយប្រទេសចំនួន ១២៣នៅលើពិភពលោក។ អ្វីដែលជាមោទនភាពនោះ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ចូនកម្លាំងចូលរួមបំពេញបេសកកម្មចំនួន ០៨ប្រទេសរួមមាន៖ សាធារណរដ្ឋ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ឆាដ ម៉ាលី និង អាហ្វ្រិកកណ្តាល សរុបចំនួន ៥,២៥៧នាក់។

ជំនាញដែលកងកម្លាំងរបស់កម្ពុជាបានបំពេញនោះរួមមាន៖ បោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ អាវុធហត្ថ មន្ទីពេទ្យកម្រិត២ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះ នាយទាហានសេនាធិការ និងសង្កេតការណ៍។