(កណ្តាល)៖ នគរបាលស្រុកកោះធំ សហការជាមួយប៉ុស្តិ៍សំពៅពូន ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានសម្ភារល្មើសច្បាប់មួយចំនួនធំ ស្ថិតនៅចំណុចផ្ទះជួលភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

នគរបាលស្រុកកោះធំ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ឱ្យដឹងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះថា ករណីបង្រ្កាបក្រុមជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើនេះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង៣៖៣០នាទី ថ្ងៃទី ២ខែឧសភា ឆ្នាំ២០១៨ម្សិលមិញ។

នគរបាលដដែល បានបន្តថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមានទី១៖ ឈ្មោះ ដាំង ថាន់ធី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិវៀតណាម មានមុខរបរមិនពិតប្រាកដ មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម, ទី២៖ ឈ្មោះ ជា វិបុល (ហៅឡុង) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះ 3DE1 ផ្លូវ388 ភូមិ៣ មុខរបរបុគ្គលិកកាស៊ីណូ NAGA, ទី៣៖ ឈ្មោះ ប៊ួយ ធីជិន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ អានថេរ ឃុំអានថេរ ស្រុកកេសិត ខេត្តសុចាំង ប្រទេសវៀតណាម មុខរបរបុគ្គលិកកាស៊ីណូក្រេនដ្រ្គាកនរីសត, ទី៤៖ ឈ្មោះ ង្វៀង យ៉ាំងសាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិប៉ិនយី ឃុំឃិនប៉ិន ស្រុកអាងភូ ខេត្តអាងយ៉ាង មុខរបរទិញលក់ផ្លែស្វាយ និងទី៥៖ ឈ្មោះ ប៊ួយ ធីគីមទ្រី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងហូជីមិញ វៀណាម មុខរបរស្រីខារ៉ាអូខេ(ជ្រៃធំ)។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ាទឹកកក (Ice) ចំនួន២កញ្ចប់ធំ ក្នុងនោះមានអ៊ិចស្តាស៊ី (ADMA) ១៣គ្រាប់ ថ្នាំម៉ាទឹកកកលាយ ADMA ចំនួន០២កញ្ចប់តូច ADMA បំបែកហើយចំនួន១កញ្ចប់តូច និងកញ្ឆាក្រៀមចំនួន១កញ្ចប់, ទូរស័ព្ទចំនួន៩គ្រឿង និងប្រាក់វៀតណាមចំនួន ១.៥៦០.០០០, ប្រាក់ដូល្លាចំនួន១៥១ដូល្លា និងប្រាក់រៀលចំនួន ៧៣០០រៀល និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលនាំមកកាន់អធិការដ្ឋានស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕