(ភ្នំពេញ​)៖​ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង​ ក្រោយពីប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ស្លាប់អណ្តែតទឹកនៅខាងក្រោយផ្ទះរបស់ពួកគាត់។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹក​ ថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ​២០១៨នេះ​ ​ស្ថិត​ក្នុងក្រុម៧​ ភូមិដើមគរ​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​។

បើតាមប្រភពពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍នេះ បានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​​រូបគាត់បានដើរទៅបត់ជើងតូច​នៅទីនោះ​ ខណៈពេលនោះ​ ក៏បានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹក​ ដោយសាកសពខាងលើនេះ​ មានស្លៀកពាក់ខោសាច់ក្រណាត់​ពណ៌ខ្មៅ​ អាវយឺតពណ៌ខ្មៅ​ ភ្លាមៗនោះ​ រូបគាត់បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន​ ដើម្បីឲ្យចុះមកពិនិត្យ​មើល។

ក្រោយពីធ្វើសមត្ថកិច្ចមូលដ្ឋាន​បានទទួលព័ត៌មាននេះរួចមក​ កម្លាំងសមត្ថកិច្ចជំនាញរបស់ប៉ុស្តិ៍​ សហការជាមួយកម្លាំងជំនាញរបស់ខណ្ឌ​ និងសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដើម្បីចុះមកធ្វើការត្រួតពិនិត្យ​ និងកោសល្យវិច័យ​។​

ក្រោយពេលដែលកម្លាំងសមត្ថកិច្ច បានធ្វើកោសល្យវិច័យរួចមក​ សមត្ថកិច្ចបានបញ្ជាក់ថា​ សាកសពបុរសខាងលើនេះ​ ពិតជាស្លាប់ដោយសារតែការលង់ទឹក ពិតប្រាកដមែន។ ចំណែកឯសាកសពបុរសខាងលើ​ ត្រូវបានសមត្ថកិច្ចដាក់តម្កល់ទុកធ្វើបុណ្យនៅវត្តប្រជុំសាគរ​ ហៅវត្តថ្មី​ ដើម្បីរង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យ៕​