(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចេញមុខទាត់ចោល ការផ្សាយអត្ថបទ កាសែតភ្នំពេញប៉ុស្តិ៍ ដែលស្រង់របាយការណ៍អាមេរិក ហើយវាយប្រហារលើស្ថាប័ន្ធពន្ធនាគារនៅកម្ពុជា។ អគ្គនាយកដ្ឋានពន្ធនាគារចាត់ទុកថា ការផ្សាយនេះ គ្មានការទទួលខុសត្រូវ និងសុំឲ្យកែសម្រួលឡើងវិញ។ នេះបើតាមសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋាន ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ។

មូលហេតុនៃការបំភ្លឺនេះ ព្រោះអគ្គនាយកដ្ឋានពន្ធនាគារ បានពិនិត្យលើអត្ថបទចុះផ្សាយដោយកាសែតភ្នំពេញប៉ុស្តិ៍ នាថ្មីៗនេះ ក្រោមចំណងជើងថា «អាមេរិកបញ្ចេញរបាយការណ៍ស្តីពីការរំលោភបំពានសិទ្ធិមនុស្សទូទាំងពិភពលោក រាប់ទាំងកម្ពុជាផងដែរ» និងរបាយការណ៍ប្រចាំឆ្នាំ២០១៧ ស្តីពីការគោរពសិទ្ធិមនុស្ស ចេញដោយក្រសួងការបរទេសអាមេរិកថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ដូចខាងក្រោម៖

១៖ ចំពោះការលើកឡើងថា «ពន្ធនាគារកម្ពុជា មិនត្រូវតាមស្តង់ដារអន្តរជាតិ»នោះ អគ្គនាយកដ្ឋានពន្ធនាគារបានចោទសួរថា តើអ្វីទៅជាស្តង់ដារអន្តរជាតិសម្រាប់ពន្ធនាគារ? ជាក់ស្តែងសេវាអប់រំកែប្រែ និងពន្ធនាគារនៅលើពិភពលោកមិនដូចគ្នាទេ ទៅតាមប្រទេសនីមួយៗ ឧទាហរណ៍ នៅជប៉ុនជនជាប់ឃុំតម្រូវឲ្យដេក ដើរ ឈរ អង្គុយ ទៅតាមរបៀបណែនាំ តាមការកំណត់របស់អាជ្ញាធរគេ និងត្រូវចេញទៅធ្វើការតាមរោងសិប្បកម្ម ក្នុងមួយថ្ងៃ៨ម៉ោង។ល។ តែគោលការណ៍ដដែលដូចគ្នានេះ មិនត្រូវបានយកទៅអនុវត្តន៍នៅក្នុងប្រទេសដទៃឡើយ។

២៖ ការនិយាយថា «មានការវាយដំទៅលើអ្នកទោស» នៅកម្ពុជា។ អគ្គនាយកដ្ឋានពន្ធនាគារបញ្ជាក់ថា ការវាយដំ ការធ្វើទារុណកម្ម អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញគ្រប់ទម្រង់ត្រូវបានហាមឃាត់ដោយច្បាប់ស្តីពីពន្ធនាគារ និងអនុសញ្ញាទប់ស្កាត់ការធ្វើទារុណកម្មរបស់អង្គការសហប្រជាតិ ដែលកម្ពុជាជារដ្ឋហត្ថលេខី និងជាប្រទេសទីមួយក្នុងតំបន់អាស៊ី ដែលបានផ្តល់សច្ចាប័នមុនគេ លើពិធីសារបន្ថែមរបស់អង្គការសហប្រជាជាតិ ប្រឆាំងការធ្វើទារុណកម្ម។ អគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់ទៀតថា ការលើកឡើងដោយខ្លី និងគ្មានមូលដ្ឋានច្បាស់លាស់ របស់ភ្នំពេញប៉ុស្តិ៍ ជាការចុះផ្សាយដោគ្មានវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវក្នុងនាមជាអ្នកសារព័ត៌មាន។

៣៖ ការផ្សាយថា «ការដាក់អ្នកទោសណែនចង្អៀត»។ អគ្គនាយកដ្ឋានពន្ធនាគារ បានទទួលស្គាល់ថា អត្រាកំណើនអ្នកទោសមានការកើនឡើងគួរឲ្យកត់សម្គាល់ តែបានខិតខំសម្រួលបន្ថែមអគារ ធ្វើឲ្យអត្រាចង្អៀត បានថយចុះជាមធ្យមពី១៥០% មកត្រឹម ១៣០%។ យោងតាមរបាយការណ៍ក្រសួងយុត្តិធម៌អាមេរិក និង World Prison Brief អាមរិកដែលមានអ្នកទោសសរុបជាង ២លាន២សែននាក់ កំពុងប្រឈមនឹងបញ្ហានៃភាពចង្អៀត ប្រមាណ១០៤%ដែរ។ បើនិយាយពីបញ្ហានេះក្រសួងការបរទេសអាមេរិក និងភ្នំពេញប៉ុស្តិ៍ គួរពិនិត្យមើលស្ថានភាពនៅតាមប្រទេសនីមួយៗដូចជា៖ ហៃទី៤៥៤% ហ្វីលីពីន៤៣៦% និងប្រទេសជាង១០០ទៀត លើសកលលោក ដែលកំពុងប្រឈមដូចគ្នា។

៤៖ ការផ្សាយថា «ការខ្វះអាហារ ជំងឺ និងការខ្វះទឹកស្អាត»។ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់ថា គិតមកដល់ពេលនេះ មិនទាន់មានអ្នកជាប់ឃុំណាម្នាក់ ធ្លាក់ខ្លួនឈឺ ឬមរណភាពដោយសារការខ្វះអាហារឡើយ។ អគ្គនាយកដ្ឋានពន្ធនាគារក៏បាន និងកំពុងសុំដំឡើងរបបអាហារសម្រាប់ជនជាប់ឃុំ និងកម្រិតសមរម្យ ស្របតាមតម្លៃទីផ្សារផងដែរ។ ពាក់ព័ន្ធនឹងបញ្ហាទឺកស្អាត អគ្គនាយកដ្ឋាន បានរៀបចំប្រព័ន្ធផ្គត់ផ្គង់ទឹក ប្រព័ន្ធចម្រោះទឹកស្អាត កែលម្អប្រព័ន្ធលូស្ទើរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ព្រោះទឹកស្អាតជាកត្តាសំខាន់សម្រាប់សុខភាព។ សរុបរួមអត្រាស្លាប់ របស់ជនជាប់ឃុំនៅកម្ពុជា កាលពីឆ្នាំ២០១៧កន្លងទៅ មានប្រមាណ១១១នាក់ ប្រៀបធៀបនឹងអាមេរិក ដែលមានចំនួនជាង ៤,០០០នាក់៕