(​ភ្នំពេញ)៖ បន្ទាប់ពីមានការចែកចាយ និងរិះគន់យ៉ាងច្រើនទៅលើមន្រ្តីនគរបាលពីររូប ដែលបានទារប្រាក់ ២០ដុល្លារ ពីជនជាតិវៀតណាម​ ​បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍នោះ នៅពេលនេះមន្ត្រីនគរបាលទាំងពីររូបត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន និងស្នើទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបណ្តេញចេញពីក្របខណ្ឌនគរបាល។

លោកវរសេនីយ៍ឯក សែម គន្ធា នាយការិ​យាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី០៣​ ខែឧសភា ឆ្នាំ២០១៨នេះថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ ដែលប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនោះ ត្រូវផ្អាកការងារបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។​

បើតាមលោកនាយការិយាល័យចំពោះចំណាត់ការយ៉ាងនោះ លោកបានសុំគោលការណ៍ពី​នាយឧត្ដមសេនី​យ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី​ភ្នំពេញ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិផងដែរ។
លោកថា មន្ត្រីនគរបាលចរាចរណ៍ទាំង២នាក់ខាងលើ បានប្រព្រឹត្តខុសនូវវិន័យកម្លាំងលេខ​០០៦ របស់នគរបាលជាតិ ដោយផាកពិន័យលើសគោលការណ៍ និងមិនបានចេញបង្កាន់ដៃ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីនគរបាលផ្សេងទៀត។

បច្ចុប្បន្នការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៃស្នងការដ្នាននគបាលរាជធានីភ្នំពេញ បានចាត់វិធានការយ៉ាងតឹងរឹង ព្រមទាំងផ្អាកការងារជាបណ្តោះអាសន្ន ចំពោះមន្រ្តីទាំង២រូបនេះ ហើយបានកសាងសំណុំរឿងស្នើសុំគោលការណ៍ពី ​នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល​រាជធានីភ្នំពេញផងដែរ​។

បើតាមលោក សែម គន្ធា ចំពោះទង្វើរបស់មន្ត្រីនគបាលទាំងពីរនាក់ខាងលើ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ មិនអាចអប់រំណែនាំបន្តទៀតនោះទេ គឺ​គោរពស្នើសុំគោលការណ៍​​ពីសម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បណ្តេញចេញពីក្របខណ្ឌនគបាលជាតិតែម្តង។

ក្នុងនោះដែរ ​នាយឧត្តមសេនីយ៍ បន្ថែមថា មន្ត្រីនគរបាលចរាចរណ៍ទូទាំងរាជធានីភ្នំពេញ ត្រូវបានទទួលនូវការលើកទឹកចិត្ត និងឧបត្ថម្ភពី​សម្តេចក្រឡាហោម ស ខេង, ​នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ និង​លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ ក៏ដូចជាសេចក្តីណែនាំក្រើនរំលឹកពី នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ​ផងដែរ​​។

ជារួម​​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ មិនអនុញ្ញតឲ្យមានមន្ត្រីនគរបាលណាម្នាក់អនុវត្ត ឬប្រព្រឹត្តបទល្មើសផ្ទុយពីសេចក្តីថ្លៃថ្នូរ សុជីវធម៌ ក្រមសីលធម៌ ជាមន្ត្រីកងកម្លាំងនគរបាលជាតិឡើយ៕