(ប៉ៃលិន​)៖ ​ប្តី​ប្រពន្ធ​២នាក់ ត្រូវបាន​រងគ្រោះ​ដោយ​រន្ទះបាញ់​សន្លប់​នៅនឹងកន្លែង ​ខណ​:​ពេល​កំពុង​ជម្រះ​ស្មៅ ​នៅ​ក្នុង​ចម្ការ​ពេល​មេឃ​កំពុង​រលឹមស្រិចៗ ត្រូវបាន​សាច់ញាតិ​ហៅ​រថយន្ត​ដឹក​ទៅ​សង្គ្រោះ ​នៅ​មណ្ឌល​សុខភាព ​ដើម្បី​សង្គ្រោះ​អាយុជីវិត​ទាន់ពេលវេលា។

ហេតុ​ការ​គ្រោះធម្មជាតិនេះ បានកើតឡើង​នៅរសៀលថ្ងៃ០១ ខែ​ឧសភា ឆ្នាំ​២០១៨​ ម្សិលមិញនេះ ស្ថិតនៅក្នុង​ភូមិ​កូនភ្នំ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។​

សមត្ថកិច្ច​មូលដ្ឋាន​បា​ន​ឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ តិល អឿ​ម ភេទ​ស្រី អាយុ ៦៣​ឆ្នាំ រស់នៅ​ភូមិ​ស្លា ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ដួលសន្លប់ ​នៅ​នឹង​កន្លែងកើតហេតុ និង​​ប្តីឈ្មោះ យន់ ហ៊ីង អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ ​ឃុំ​ជាមួយគ្នា គ្មាន​របួស​។

​សមត្ថកិច្ច​បានបន្តទៀតថា មូលហេតុបណ្តាលឲ្យកើតហេតុការដូចនេះ ដោយសារ​គេ​សង្កេតឃើញ​​ប្តី​ប្រពន្ធ២នាក់នេះ​ មិន​បាន​រក​កន្លែង​ជ្រក​ទេនៅពេល​មេឃ​កំពុង​ភ្លៀង​ នៅតែប​ន្តការងារ​នាំគ្នា​ធ្វើ​ស្មៅ​ដំឡូង​ ដោយ​ដៃ​មាន​កាន់​កណ្តៀវ​ដែល​មាន​ជាតិ​ដែក ទើប​បណ្តាល​ឲ្យមានបាតុភូត​រន្ទះបាញ់នេះ​តែ​ម្តង​។​

​បច្ចុប្បន្ន​ស្ត្រី​រងគ្រោះ​ខាងលើ ​បាន​ដឹងខ្លួន​ឡើង​វិញ​ហើយ​តែ​នៅ​មិនទាន់​ប្រក្រតី​ឡើងវិញ​ទេ​៕