(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក សេចក្ដីថ្លែងការណ៍ អបអរសាទរក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានពិភពលោក» ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ជាមួយអ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជុំវិញពិភពលោក។

ក្នុងឱកាសនេះ ស.ស.ស.ក សូមអំពាវនាវដល់សារព័ត៌មានជាតិ និងអន្ដរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា សូមរួមគ្នាប្រយុទ្ធប្រឆាំង នឹងព័ត៌មានក្លែងក្លាយ (Fake News) ដែលព័ត៌មាននេះ កំពុងបំផ្លាញតួនាទីអង្គភាពសារព័ត៌មាន និងជាឧបករណ៍បំភ័ន្ដ ញុះញង់ឲ្យមនុស្សប្រព្រឹត្តខុស ឈានទៅបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសង្គម បរិស្ថាន ធម្មជាតិ សត្វមានជីវិត និងសេចក្ដីសុខរបស់មនុស្សជាតិ។

ស.ស.ស.ក ក៏អំពាវនាវដល់សារព័ត៌មានជាតិ និងអន្ដរជាតិទាំងអស់ សូមមេត្ដាជៀសវាងធ្វើជាឧបករណ៍ផ្សព្វផ្សាយព័ត៌មាននយោបាយពិសពុល មនោគមវិជ្ជាទុច្ចរិត ជៀសវាងបណ្ដុះភាសាអសីលធម៌ ខ្លឹមសារញុះញង់ដែលធ្វើឲ្យមានការរើសអើង និងបែកបាក់ក្នុងចំណោមប្រជាជន។ ស.ស.ស.ក យល់ឃើញថា គ្មានសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសមួយ ដែលកំពុងមានសង្គ្រាមនោះទេ ​ហើយសេរីភាពសារព័ត៌មាន ត្រូវតែផ្សាភ្ជាប់ខ្លឹមសារ ដែលរួមចំណែក​លើកកម្ពស់ការសម្រេចចិត្តជាវិជ្ជមាន និរន្ដរ៍ភាពសន្ដិភាព ស្ថិរភាពសង្គម និងគុណភាពប្រជាធិបតេយ្យ។

បន្ថែមពីនេះ ស.ស.ស.ក សូមអំពាវនាវដល់អ្នកសារព័ត៌មានជាតិទាំងអស់ សូមបន្ដប្រកាន់ស្មារតីជាតិនិយម សីលធម៌ វិជ្ជាជីវៈថ្លៃថ្លូរ និងតម្កល់ប្រយោជន៍ជាតិ និងប្រជាជនឲ្យបាន ខ្ពស់បំផុត ដោយចូលរួមគោរពច្បាប់ គោរពឯករាជ្យភាព និងគោរពអធិបតេយ្យជាតិកម្ពុជា និងចូលរួមផ្សព្វផ្សាយជុំវិញដំណើរការ បោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ នៅក្នុងប្រទេសកម្ពុជា ដែលប្រព្រឹត្តិទៅក្នុងខែកក្កដា ឆ្នាំ២០១៨ ឲ្យបានត្រឹមត្រូវ និងទូលំទូលាយ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីថ្លែងការណ៍របស់ ស.ស.ស.ក ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖​