(ភ្នំពេញ)៖ ក្រុមហ៊ុនមីនីបៀ (Minebea) ដែលជាក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនបង្គំខ្សែភ្លើង និងម៉ូទ័រមានគុណភាពគ្រប់ប្រភេទសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ បាននិងកំពុងផ្តល់ការងារយ៉ាងច្រើនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជាជាមួយប្រាក់ខែខ្ពស់សមរម្យ។ ក្នុងនោះកម្មករ កម្មការិនីខ្លះបានសន្សំប្រាក់ទិញដី ទិញផ្ទះ និងឈានទៅសន្សំប្រាក់សម្រាប់ទិញរថយន្តប្រើប្រាស់ថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ បានចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ «១ឧសភា» ខួប ១៣២ឆ្នាំជាមួយកម្មក កម្មការិនីមកពីក្រុមហ៊ុនមីនីបៀនេះរហូតដល់ជាង ៥ពាន់នាក់។ ក្នុងពិធីអបអរសាទរនេះ មានការរៀបចំអាហារសាមគ្គី និងមានការរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយថែមទៀតផង។

ជាមួយទឹកមុខដ៏រីករាយកម្មករ កម្មការិនីសុទ្ធតែបានបង្ហាញភាពរីករាយ ដែលបានចូលរួមអបអរសាទរទិវាពលកម្មអន្តរជាតិ «១ឧសភា»ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។ ជាពិសេសបានបង្ហាញការពេញចិត្តពេញថ្លើមចំពោះការបំពេញការងារនៅក្នុងរោងចក្រមីនីបៀ ដែលមានលក្ខខណ្ឌការងារល្អ និងទទួលបានប្រាក់ខែខ្ពស់។

កម្មការិនី ដែលបានផ្តល់បទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News បានអះអាងថា ពួកគេទទួលបានប្រាក់ឈ្នួលមិនតិចជាង ៣០០ដុល្លារនោះឡើយក្នុងមួយខែសម្រាប់អ្នកដែលធ្វើការបានយូរឆ្នាំ។ តាមរយៈប្រាក់ឈ្នួលខ្ពស់នេះ បាននាំឲ្យពួកគេអាចសន្សំប្រាក់សម្រាប់ទិញដីទិញផ្ទះសម្រាប់រស់នៅ ហើយខ្លះគ្រោងសន្សំលុយសម្រាប់ទិញរថយន្តប្រើប្រាស់ថែមទៀតផង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Minebea ជាក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសជប៉ុន ដែលបានបើកដំណើរការក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ ដើម្បីផលិតគ្រឿងអេឡិចត្រូនិចផ្សេងៗដូចជាឌីណាម៉ូ និងម៉ូទ័រជាដើម។ មកដល់ពេលបច្ចុប្បន្នក្រុមហ៊ុនមានទុនវិនិយោគ រហូតប្រមាណ ១៧០លានដុល្លារអាមេរិក ហើយកំពុងផ្តល់ការងារជូនពលរដ្ឋខ្មែរប្រមាណជា ២ម៉ឺននាក់៕