(ភ្នំពេញ)៖ របាយការណ៍ផ្លូវការរបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០១៨ បរិមាណទំនិញដឹកជញ្ជូនឆ្លងកាត់ កំពង់ផែស្វយ័តក្រុងភ្នំពេញ មានចំនួន៤៥,៨៣១TEUs (1TEUs=មួយទូរកុងតឺន័រប្រវែង២០ហ្វីត) កើនឡើង១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ មានត្រឹម៣៩,៥១០TEUs។

របាយការណ៍បានឲ្យដឹងទៀតថា ក្នុងចំណោមបរិមាណទំនិញឆ្លងកាត់ នៅរយៈពេល៣ខែដំបូងឆ្នាំនេះ ក្នុងនោះមានបរិមាណទំនិញនាំចូលមកកម្ពុជា ២១,១៣៤ TEUs ខណៈបរិមាណទំនិញនាំចេញពីកម្ពុជា ២៤,៦៩៧ TEUs។

សូមជម្រាបថា នៅឆ្នាំ២០១៧ ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងភ្នំពេញ មានចំនួនជាង១៨ម៉ឺនTEUs កើនឡើង២២% ធៀបឆ្នាំ២០១៦៕