(ភ្នំពេញ)៖ លោក កៃនុម៉ា យូស៊ីហ៊ីសា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea) ដែលជាក្រុមហ៊ុនផលិតម៉ូទ័រនៅក្នុងប្រទេសកម្ពុជានាំយកទៅចែកចាយនៅក្រៅប្រទេស បានគូសបញ្ជាក់ថាមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុន បានវិនិយោគប្រមាណ ១៤០លានដុល្លារ ហើយបើបូកទាំងការចំណាយលើការដឹកជញ្ជូនផ្សេងៗទៀត មានរហូតដល់ប្រមាណ ១៧០លានដុល្លារ។

នាយកប្រតិបត្តិក្រុមហ៊ុននេះ បានបញ្ជាក់ដូច្នេះក្នុងពេលអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងពេលដែលសម្តេចអញ្ជើញចូលរួមអបអរសាទរទិវាពលកម្ម «១ឧសភា» លើកទី១៣២ ជាមួយកម្មករ កម្មការិនីមកពីរោងចក្រមីនីបៀជាង ៥ពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។

ក្នុងឱកាសនោះលោក កៃនុម៉ា យូស៊ីហ៊ីសា បានអរគុណសម្តេតេជោ ហ៊ុន សែន ដែលបានបង្កើតកម្មវិធីជួបជុំជាមួយកម្មករ កម្មការិនី ដើម្បីផ្តល់ភាពរីករាយដល់កម្មករ កម្មការនី។ លោកនាយកប្រតិបត្តិក្រុមហ៊ុនបានចាត់ទុកការជួបសំណេះសំណាលនេះ ជាអនុស្សាវរីយ៍មួយមិនអាចបំភ្លេចបាន។

លោក កៃនុម៉ា យូស៊ីហ៊ីសា ក៏បានរៀបរាប់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍន៍ជីវភាពប្រជាពលរដ្ឋឲ្យមានការរីកចម្រើនទៅមុខ។ លោកបានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនបានវិនិយោគប្រមាណ ១៤០លានដុល្លារ ហើយបើបូកទាំងការចំណាយលើការដឹកជញ្ជូនផ្សេងៗទៀត មានរហូតដល់ប្រមាណ ១៧០លានដុល្លារ។

លោកនាយកប្រតិបត្តិក្រុមហ៊ុន ក៏បានរីករាយដោយសារមានការគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន បានជួយឲ្យក្រុមហ៊ុនលោកបានចុះហត្ថលេខាជាមួយក្រុមហ៊ុនអគ្គិសនីក្នុងការផលិតអគ្គិសនីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ាត់ ដែលជួយឲ្យតម្លៃអគ្គិសនីធ្លាក់ចុះទាប ហើយក្រុមហ៊ុនមានលទ្ធភាពប្រកួតប្រជែងបាន។ ទន្ទឹមនេះ លោកក៏បានបញ្ជាក់អំពីការពេញចិត្តក្នុងការរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញ ក៏ដូចជាទីក្រុងផ្សេងៗនៅប្រទេសកម្ពុជាឲ្យទៅជា Smart city ដែលមានគោលដៅធ្វើឲ្យអគ្គិសនីមានតម្លៃទាប។

លោកប្រធានក៏បានអញ្ជើញសម្ដេចតេជោ ទៅទស្សនាគម្រោងនៅកោះពេជ្រដែលលោកបានអនុវត្តគម្រោងកាត់បន្ថយការចំណាយទៅលើអគី្គសនី៩០% ដោយសារអគ្គិសនីនេះមិនឆេះចោលទេ នៅពេលណាអត់មានមនុស្ស គឺវាស្រទុំៗ នៅពេលដែលមានមនុស្សទើបវាឆេះភ្លឺ អ៊ីចឹងគឺនឹងធ្វើឲ្យការចំណាយកាត់បន្ថយ៩០%។ លោកប្រធានបានស្នើសុំឲ្យសម្តេចតេជោជួយគាំទ្រក្រុមហ៊ុនរបស់លោក។

ក្រុមហ៊ុនមីនីបៀនៅកម្ពុជានេះ នឹងជួយទាក់ទាញវិនិយោគបន្ថែមទៀតពីប្រទេសផ្សេងៗមកកម្ពុជា ព្រោះថាកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេច មានស្ថេរភាព មានសុខសន្តិភាព។ លោកប្រធានបានសន្យាថា នឹងខិតខំរួមចំណែកជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា ហើយនឹងខិតខំបន្ថែមការងារដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យមានការងារធ្វើកាន់តែច្រើនឡើងថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអរគុណដល់ក្រុមហ៊ុន Minebea ទន្ទឹមនឹងនេះ សម្ដេចតេជោ បានបញ្ជាក់ផងដែរថា សម្ដេចដូចជាឆ្មបដែលបានជួយបង្កើតក្រុមហ៊ុននេះឡើង។ ក្រុមហ៊ុននេះដូចជាទារក ដូច្នេះសម្ដេចមិនបោះបង់ចោលទារកនេះទេ។ ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហ៍កម្ម២០១៥ -២០២៥ សម្ដេចចង់ឲ្យមាននៅរោងចក្រដូច Minebea កាន់តែច្រើនថែមទៀត។

ជាមួយគ្នានេះ សម្ដេចតេជោ បានកោតសរសើរចំពោះការខិតខំរបស់ក្រុមហ៊ុនជួយវិស័យអគ្គិសនី ជាពិសេសអភិវឌ្ឍន៍ Smart City។ សម្ដេចបានចាត់ទុកជោគជ័យរបស់ក្រុមហ៊ុនផលិតម៉ូទ័រ Minebea ដោយសារតែមានជំនឿទុកចិត្តគ្នាទៅវិញទៅមក។ សម្តេចតេជោ បានអបអរសាទរ និងស្វាគមន៍ដែលក្រុមហ៊ុនកំពុងរីកធំធាត់​ ក្លាយជាក្រុមហ៊ុនដ៏ធំមួយ៕