(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងវេទិការសាធារណៈ ដើម្បីស្ដាប់ពីតម្រូវការ របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ពិសេស ការផ្តល់សេវាសាធារណៈ របស់អាជ្ញាធរដល់ប្រជាជន។

នៅក្នុងឱកាសនោះ តំណាងប្រជាពលរដ្ឋមួយចំនួន បានសំណូមពរជាច្រើន ក្នុងនោះរួមមាន បញ្ហាផ្លូវក្នុងភូមិ ដែលរងការខូចខាត និង ភ្លើងអគ្គីសនី ប្រើប្រាសតាមផ្ទះ គឺជារឿងដែលពួកគាត់ ស្នើរឲ្យជួយអន្តរាគមន៍ដោះស្រាយ ឲ្យបានលឿនដើម្បីសម្រួលដល់ ការរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ជាការឆ្លើយតប ចំពោះសំណើរនេះ លោក វង សូត បានលើកឡើងថា វាជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតែងយកចិត្តទុកដាក់ ចំពោះសុខទុករបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ តែយ៉ាងណាគ្រប់សំណូមពរ និងតម្រូវការយើងមិនអាច ដោះ ស្រាយតែម្តងបានទាំងអស់នោះទេ ខណៈផែនការអភិវឌ្ឍន៍ គឺត្រូវបាន ដាក់ចេញជាជំហានៗ ដូចអ្វីដែលយើង បានឃើញស្រាប់ ពោលគឺពីផ្លូវរទេះគោ ក្លាយជាផ្លូវ ក្រាលគ្រួសក្រហម និងថ្នល់កៅស៊ូ។

រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ជាមួយគ្នានោះបណ្តាញ អគ្គីសនីក៏ដូចគ្នាដែរ គឺត្រូវធ្វើជាជំហានៗ ហើយបើតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២០ និងមានភ្លើងប្រើគ្រប់ភូមិទាំងអស់ក្នុង ព្រះរាជាណាចក្រកម្ពុជា ដោយគ្រាន់តែតំបនខ្លះបានមុនឬក្រោយតែប៉ុណ្ណោះ។

ជាមួយគ្នានោះ លោក វង សូត ក៏បានលើកឡើងថា ការការពារសន្តិសុខ សុវត្ថិភាព និងការផ្តល់ជូន សេវាសាធារណៈ ជូនប្រជាពលរដ្ឋ រួមមាន ការចុះបញ្ជីអត្រានុកូលដ្ឋាន គ្រប់ប្រភេទ ការចុះសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈជាដើម គឺជាកាតព្វកិច្ច របស់អាជ្ញាធរឃុំស្រប ទៅតាមច្បាប់ កំណត់របស់ក្រសួងមហាផ្ទៃ ដោយមិនត្រូវធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ និងអស់ ជំនឿមកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាឡើយ។

រដ្ឋមន្រ្តី វង សូត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នារក្សាសន្តិសុខសណ្នាប់ ក្នុងភូមិឃុំរបស់ ខ្លួនឲ្យបានល្អ ពិសេសរក្សាឲ្យបាន ដាច់ខាតសន្តិភាព ស្ថេរភាព នយោបាយ ដើម្បីប្រទេសជាតិមានឳកាសអភិវឌ្ឍន៍ឲ្យកាន់ តែមានភាពរីកចម្រើនលើគ្រប់វិស័យថែមទៀត៕