(ភ្នំពេញ)៖ អំឡុងខែមេសា ឆ្នាំ២០១៨​នេះ​ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលការប្រកាសទ្រព្យសម្បត្តិ និងបំណុលពីមន្ត្រី​ និងអតីតមន្ត្រី​សរុបចំនួន ១១៧២នាក់។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ACU ស្តីពីកិច្ចប្រជុំលើកទី៣៤ អាណត្តិទី២ នៃក្រមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងបន្តថា ក្នុងចំណោម មន្ត្រី​ទាំង១១៧២នាក់នោះ មានការតែងតាំងថ្មីចំនួន ៩១០នាក់ លាលែង ចប់អាណត្តិចំនួន ១២៧នាក់ ចូលនិវត្តន៍ ៦នាក់ និងបញ្ចប់មុខដំណែងចំនួន ១២៩នាក់។

ដោយឡែក ក្នុងខែមេសានេះដែរ​ ACU ក៏បានទទួលពាក្យប្តឹងចំនួន ៤៨ពាក្យផងដែ​ ដែលក្នុងនោះមានបណ្តឹងអនាមិក ១១ពាក្យ ស្មើនឹង២៣%។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់អង្គភាពប្រឆាំងអំពើពុករលួយ​ ក្នុងការបន្តជំរុញឲ្យមន្ត្រីជាប់កាតព្វកិច្ច មកប្រកាសទ្រព្យសម្បត្តិ និងបំណុល។

អង្គប្រជុំបានកត់សម្គាល់ថា​ ការបន្តអនុវត្តនូវការអប់រំ បង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ នៅតែជាវិធានការស្នូល ក្នុងការកាត់បន្ថយអំពើពុករលួយ ដើម្បីលើកស្ទួយសង្គមឲ្យមានភាពស្អាតស្អំ៕