(ជប៉ុន)៖ មុនបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋខ្មែរជាង៤០០នាក់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមបរិយាកាសរាក់ទាក់រីករាយស្និតស្នាលជាទីបំផុតក្នុងនាមស្មារតីខ្មែរស្រលាញ់ខ្មែរ-ខ្មែរតែមួយ។ 

ក្នុងឱកាលសំណេះសំណាលនេះ លោកបណ្ឌិតបានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែល កំពុងរស់នៅប្រទេសជប៉ុន។ បន្ថែមពីលើនេះលោកបណ្ឌិតក៏បានជម្រាបជូនបងប្អូនអំពីស្ថានភាពពិតបច្ចុប្បន្នរបស់កម្ពុជា និងការអភិវឌ្ឍន៏ប្រទេស ដែលជាសមិទ្ធិផលបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។

ស្ថិតក្នុងបរិយាកាសនៃការជួបជុំគ្នានេះ បងប្អូនពលរដ្ឋខ្មែរបានសម្តែងក្តីសប្បាយរីករាយក្រៃលែងដែលលោកបណ្ឌិត បានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងដំណើរទស្សនកិច្ច មកជួបសំណេះសំណាលសាកសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូនខ្មែរនាពេលនេះ ដែលកាយវិការនេះបង្ហាញឲ្យឃើញអំពីការស្រលាញ់ និងឲ្យតម្លៃជាតិខ្មែរ ទោះបីខ្មែរនៅទីណាក៏ដោយ ក៏ខ្មែរស្ថិតក្រោមមេឃតែមួយ នេះហើយជាមហាគ្រួសារខ្មែរ។ ជាមួយគ្នានេះបងប្អូនខ្មែរនៅប្រទេសជប៉ុនសង្ឃឹមថា នឹងបានជួបលោកបណ្ឌិតជាថ្មីម្តងទៀត។

សូមជម្រាបជូនថា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន លោកបណ្ឌិតបានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចរយៈពេល៥ថ្ងៃពីថ្ងៃទី២៤ ដល់ថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុននេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ដូចជានាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីការបរទេស, រដ្ឋមន្ត្រីការពារជាតិ, អគ្គបញ្ជាការ, មេបញ្ជារការជើងគោកកងស្វ័យការពារ និងលោកអនុប្រធាន គណបក្សប្រជាធិបតេយ្យសេរី លោកអនុរដ្ឋមន្ត្រីការបរទេស ព្រមទាំងឥស្សរជន និងសមាជិកសភារបស់ជប៉ុនជាច្រើនរូបទៀត៕