(កំពត-ពោធិ៍សាត់)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ករណីឃាតកម្មកាប់សម្លាប់ម្ដាយបង្កើត នៅស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយ​កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការស្រុកកំពង់ត្រាច សហការជាមួយកម្លាំងស្នងការដ្ឋាន​នគរបាលខេត្តពោធិ៍សាត់ អធិការស្រុកវាលវែង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង​នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រោមការបញ្ជាផ្ទាល់ពី​នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

លោកស្នងការ បញ្ជាក់ថា ជនដៃដល់ដែលកម្លាំងនគរបាលចាប់បានឈ្មោះ ​ណុំ សុខរឿន អាយុ២៧​ឆ្នាំ នៅចំណុច​ភូមិទួលគ្រួស ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សូមជម្រាបថា ជននេះបានប្រព្រឹត្តបទឃាតកម្ម កាប់ចាក់សម្លាប់ម្តាយបង្កើតកាលពីថ្ងៃទី​២២ ខែមេសា ឆ្នាំ២០១៨ ចន្លោះពីម៉ោង​៧​យប់ ដល់ម៉ោង​១១​យប់ នៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដោយជនរងគ្រោះ​ឈ្មោះ រៀម ហែ ​អាយុ​៥០ឆ្នាំ។ បច្ចុប្បន្នជនដៃដល់ កម្លាំងសមត្ថកិច្ចកំពុង​បញ្ជូនមកកំពតវិញ ដើម្បីចាត់ការបន្ដ៕