​(ភ្នំពេញ)៖ កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ជនសង្ស័យម្នាក់ នៅចំណុច​បន្ទប់ជួលលេខ E០២ ផ្លូវលេខ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ក្នុងបទល្មើស អំពើ​លួចមានស្ថានទម្ងន់ទោស (​ ឆក់កាបូប​)។

លោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះថា ជនសង្ស័យខាងលើ បានប្រព្រឹត្តនៅចំណុច​មុខផ្ទះលេខ៧ ផ្លូវសុធារស ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៨។

លោកបានបន្តថា ​ជនសង្ស័យដែលបានឃាត់ខ្លួន ឈ្មោះ បៀវ ឈុនហេង ​អាយុ​២៣​ឆ្នាំ ​មុខរបរ​មិនពិតប្រាកដ ស្នាក់នៅ​ផ្ទះលេខ១២ ផ្លូវលេខ១៦១ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ដោយឡែក ជនរងគ្រោះ ​ឈ្មោះ CHAO ZHANG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន​ មុខរបរ​ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ AQUARIUS ផ្លូវលេខ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

សម្ភារបាត់បង់រួមមាន កាបូបយួរដៃ ពណ៌ ប្រផេះ ​០១, លិខិតឆ្លងដែនលេខ E២៤០៣៩០៥៨, អត្តសញ្ញាណបណ្ណ័សញ្ជាតិចិនលេខ, ប្រាក់ហុងកុង ចំនួន​៣៦,០០០, ប្រាកចិនចំនួន ១០,០០០, ប្រាក់តៃវ៉ាន់ ចំនួន​៤,០០០, កាតATM ចំនួន​១៥, ប្រាក់ដុល្លារអាមេរិក មួយចំនួន​ និងទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌​ខ្មៅ មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕