(ពោធិ៍សាត់​)៖​ ភ្លៀងធ្លាក់មួយមេធំ លាយឡំខ្យល់បោកបក់ បង្កជារន្ទះបាញ់ចំផ្ទះប្រជាពលរដ្ឋមួយខ្នង កាលពីវេលាម៉ោង០៤​ និង២០នាទី​ល្ងាច​ ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៨​ស្ថិតក្នុង ភូមិដីក្រហម​ ឃុំអន្លង់រាប​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់ ប៉ុន្តែសំណាងល្អដែរ ដែលមិនបណ្តាលឲ្យមាននរណាម្នាក់​ រងគ្រោះថ្នាក់នោះឡើយ។

ម្ចាស់ផ្ទះរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះថា​ ខៀវ សំអាន(ហៅ ឡឹង លីម) ភេទប្រុស​ អាយុ៦០ឆ្នាំ​ ជនជាតិខ្មែរមុខរបរកសិករ​ បច្ចុប្បន្នរស់នៅផ្ទះកើតហេតុខាងលើ។

បើតាមម្ចាស់ផ្ទះបានឲ្យដឹងថា​ មុនពេលកើតហេតុ គាប់កំពុងអង្គុយនៅក្រោមផ្ទះ ខណៈមេឃកំពុងធ្លាក់ភ្លៀង លាយឡំខ្យល់ជំនោរបោកបក់ផងនោះ មួយសន្ទុះក្រោយមក ស្រាប់តែមានពន្លឺចាំងចំកណ្តាលផ្ទះ ព្រមទាំងមានសំលេងផាំង ខ្ទរអស់ធម្មជាតិ ភ្លាមនោះរូបគាត់ក៏បានរត់ទៅមើល​ ឃើញបាញ់ចំសរសរកន្លោងពីខាងជើង សរសរចំហៀងខាងជើង និងដំបូលពីលើ​ បណ្តាលឲ្យបែកគ្បឿងអស់ចំនួន ៨០សន្លឹក​ ព្រមទាំងផ្ទូងផ្លានមួយចំនួន។ល។​

ហេតុការណ៍​នេះបានបង្កអោយការឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ រត់មកមើលហេតុការណ៍នោះផងដែរ។

គ្រោះថ្នាក់ធម្មជាតិនាថ្ងៃនេះ ពិតជាសំណាងហើយ ដែលគ្រាន់តែរងការខូចខាតផ្ទះ ហើយមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចៀសវាងករណីនេះកើតឡើងជាយថាហេតុ៕