(ភ្នំពេញ)៖ បន្ទាប់ពីបានសិក្សាស្រាវជ្រាវប្រមូលផ្តុំនូវខ្លឹមសារ ទស្សនៈវិស័យ ដោយឈរលើមូលដ្ឋានការអនុវត្តនយោបាយឈ្នះឈ្នះ ទទួលបានសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធាន ក្រុមការងារសិក្សាស្រាវជ្រាវ និង​សាងសង់វិមានឈ្នះឈ្នះ បានបើកកិច្ចប្រជុំការងារត្រៀមរៀបចំខ្លឹមសារ សារមន្ទីរ និងរចនាបថ រូបចម្លាក់ក្នុងវិមានឈ្នះឈ្នះ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងថា ការប្រជុំវាយតម្លៃនៃ​ដំណើរការសាងសង់វិមាន​ឈ្នះឈ្នះ ជាមួយលក្ខណៈបច្ចេកទេសដោយ​ឈានចូលដំណាក់កាលទី៣​ រួមមាន៖ ការផលិតទាំង​ចម្លាក់ សំណង់ និងផែនការថ្មីៗ​ ដែលត្រូវដាក់ក្នុង​ដំណាក់កាលការរៀបចំសារមន្ទី ការរៀបចំប្រុងប្រៀប ដើម្បីបម្រើឱ្យព្រឹត្តិការណ៍ធំៗ តទៅមុខមួយចំនួនទៀតដែលទាក់ទងជាមួយព្រឹត្តិការណ៍ជាតិ ​និង​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។​

មិនតែប៉ុណ្ណោះ គឺមានការប្រុងប្រៀប នឹងមាន​ការប្រជុំជាមួយគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨នេះ សម្រាប់កិច្ចប្រជុំនេះ គឺមានរបៀបវីរៈសំខាន់ៗ ដែលមានការសុំគោលការណ៍ពីគណៈកម្មការ ដើម្បីសម្រេច​មុនដាក់សុំអនុសាសន៍របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើដំណើរការសាងសង់របស់យើងបន្តទៀត។

ជាមួយគ្នានេះ ប្រធានក្រុមការងារ បានបន្តថា «អ្វីដែលយើងបានប្រជុំនៅថ្ងៃនេះ គោលបំណងសំខាន់មួយទៀត គឺការប្រមូលផ្តុំឱ្យមើលឃើញបទពិសោធន៍ ​ទិដ្ឋភាពរួម​សម្រាប់ពង្រីក និងពន្លាត នៃខ្លឹមសាររួមអំពីមូលដ្ឋានជាពិសេសភូមិភាគ ​បណ្តាខេត្ត និង​គម្រោងដើម្បីងាយស្រួលក្នុងកាប្រមែរប្រមូល និងកសាង​ទិន្នន័យប្រវត្តិសាស្ត្រទាក់ទងទៅ និង​នយោបាយឈ្នះឈ្នះ ទាក់ទងការរក្សាសន្តិសុខ និង​នយោបាយយើងតទៅមុខទៀត»។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា រាល់ប្រធានបទនៃផ្តែរនីមួយៗ រចនាឡើងដើម្បីបង្ហាញអំពី ទិដ្ឋភាពប្រវត្តិសាស្រ្តថ្មីមួយ ដែលទាក់ទង​ការនាំមកនូវសន្តិភាពដល់កម្ពុជា។​​ មិនត្រឹមតែប៉ុណ្ណោះ ការរចនាទៀតសោត គឺឈរលើមូលដ្ឋានបុរាណ និង​ច្នៃជាទម្រង់សិល្បៈថ្មី ដោយប្រើន័យធៀប និងន័យត្រង់។

ជាពិសេសគំនិត នៃការរចនាផ្តែរប្រវត្តិសាស្ត្រនេះ កើតចេញមកពីទស្សនទាន មួយចំនួនដូចជា៖ ទី១៖ ទស្សនទានរបស់សម្តេចតេជោ ហ៊ុន សែន​ «ខ្មែរបញ្ចប់ សង្រ្គាមដោយខ្មែរខ្លួនឯង» និង «មានតែអ្នកឈ្នះទេ ​ដែលមានសិទ្ធិសរសេរ និងតាក់តែងប្រវត្តិសាស្រ្ត»។ ទី២៖ ទស្សនទានរបស់សមេ្តចពិជ័យ ទៀ បាញ់ «ទម្រាំមានថ្ងៃនេះ» ដែលបានរៀបរាប់អំពីដំណើរ និងប្រវត្តិនានារបស់ថ្នាក់ដឹកនាំ ដើម្បីនាំសន្តិភាពមកកម្ពុជា។

​ដូច្នេះអ្វីជាប្រវត្តិសាស្ត អ្វីជាការពិតចាំបាច់ខ្មែរត្រូវផ្សព្វផ្សាយឲ្យអ្នកជំនាន់ក្រោយបានដឹង ដូចជាឧទាហរណ៍ នៃការច្នៃចេញជាទម្រង់សិល្បៈនេះ ហើយលោក ណឹម សុវត្ថិ ក៏បានថ្លែងអំណរគុណ​ចំពោះការចូលរួមយោបល់ ក្នុងការជ្រើសរើសផ្តែរ សម្រាប់លំអរលើវិមានឈ្នះឈ្នះនេះ៕