(ភ្នំពេញ)៖ លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់មកអង្គភាព Fresh News ថា ពិធីបុណ្យ «ពិសាខបូជា» ដែលរាជរដ្ឋាភិបាល និងពុទ្ធបរិសទ័ខ្មែរ ប្រារព្ធធ្វើនាសម័យបច្ចុប្បន្ន គឺប្រារព្ធឡើងក្នុងស្មារតីទទួលខុស ត្រូវតាមរដ្ឋធម្មនុញ្ញនៃកម្ពុជា មាត្រា៣ ត្រង់កថាខណ្ឌ័ទី៣ បញ្ជាក់ថា ព្រះពុទ្ធ សាសនា ជាសាសនារបស់រដ្ឋ។

អ្នកនាំពាក្យក្រសួងធម្មការ បានបន្ថែមទៀតថា ដូច្នេះហើយ រាជរដ្ឋាភិបាល និងពុទ្ធបរិសទ័ ក៏ដូចជាព្រះសង្ឃ គ្រប់ព្រះអង្គ យកព្រះទ័យ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចពិធីបុណ្យ ក្នុងព្រះពុទ្ធសាសនា។ ដោយឡែកចំពោះ ពិធីបុណ្យ «ពិសាខបូជា» នេះ ជាពិធីមួយ ដែលរំលឹកដល់នក្ខត្តឬក្ខ៣យ៉ាងគឺ៖

១៖ ថ្ងៃពេញបូរមី ខែពិសាខ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រ នៅថ្ងៃសុក្រ១៥កើត ពេញបូរមី ខែពិសាខ ឆ្នាំច មុន គ.ស ៦២៣ ឆ្នាំ។

២៖ ថ្ងៃពេញបូរមី ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ដឹង នៅថ្ងៃអង្គារ១៥កើត ខែពិសាខ ឆ្នាំរកា មុន ព.ស ៤៥ឆ្នាំ។

៣៖ ថ្ងៃពេញបូរមី ខែពិសាខ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ ទ្រង់បរិនិព្វាន ថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់។

ដោយមានហេតុផល៣យ៉ាង ខាងលើនេះ ទើបមានការប្រារព្ធពិធីពិសាខបូជា ជារៀងរាល់ឆ្នាំ សម្រាប់កម្ពុជា និងប្រទេសកាន់ព្រះពុទ្ធសាសនា លើសកលលោក។ ចំពោះបុណ្យ «ពិសាខបូជា» នេះដែរ អង្គការសហប្រជាជាតិ ក្នុងសម័យនៃការដឹកនាំដោយលោក អ៊ូ ថាន់ បានយកភ័ស្តុតាង នៅកន្លែងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រសូត្រមកបង្ហាញឲ្យដឹងច្បាស់ អំពីតឹកតាងនៃរឿងពិត របស់ព្រះសម្មាសម្ពុទ្ធ តាមរយៈកំណាយរកទឹកតាងកន្លែងប្រសូត្រ។

មិនតែប៉ុណ្ណោះ ប្រទេសទាំង១៩៣ នៃសមាជិក UN បានប្រជុំមហាសន្និបាទរបស់ខ្លួន នៅការិយាល័យអង្គការសហប្រជាជាតិ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ បានអនុម័ត យកបុណ្យពិសាខបូជា ជាបុណ្យរបស់អង្គការសហប្រជាជាតិ ដែលហៅថា បុណ្យអន្តរជាតិ ឬទិវា មរតកពិភពលោកដែលប្រទេសទាំង១៩៣នេះ ទោះជាមិនកាន់ព្រះពុទ្ធសាសនា ក៏ត្រូវប្រារព្ធពិធីបុណ្យនេះឲ្យបានទៀងទាត់។

ម្យ៉ាងវិញទៀត ចំពោះអង្គការសហប្រជាជាតិ ពេលដល់ថ្ងៃ១៥កើត ខែពិសាខ តែងតែមានការប្រារព្ធពិធីជួបជុំ ជាលក្ខណៈអន្តរជាតិ តាមការកំណត់របស់ខ្លួន ពេលខ្លះក៏ត្រូវធ្វើពិធី នៅក្នុងប្រទេស ជាសមាជិករបស់ខ្លួនតាមការ ដែលអាចធ្វើបាន។

លោកថា សម្រាប់កម្ពុជា រាជរដ្ឋាភិបាល បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅបូជនីយដ្ឋានដម្កល់ ព្រះបរមសារីរិកធាតុ ភ្នំព្រះរាជទ្រព្យ (ឧដ្តុង្គ) ជាផ្លូវការ ដែល មានថ្នាក់ដឹកនាំជាន់ខ្ពស់ ក្នុងស្ថាប័នរដ្ឋ និងមន្រ្តីរាជការ ចូលរួមយ៉ាងច្រើនកុះករ ដោយមានការយាងនិមន្ត មន្ត្រីសង្ឃជាន់ខ្ពស់គ្រប់ជាន់ថ្នាក់ ប្រារព្ធពិធីតាមប្រពៃណី ព្រះពុទ្ធសាសនា រួមទាំងមហាពុទ្ធបរិសទ័ មកពីគ្រប់ទិសទីផងដែរ។

ដោយឡែកចំពោះវត្តអារាមនៅទូទាំងប្រទេស មានការប្រារព្ធពិធីបុណ្យ «ពិសាខបូជា»នេះ គ្រប់ទីកន្លែងតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។ សម្រាប់ឆ្នាំនេះ គណ:កម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិកម្ពុជា ទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា៕