(កោះកុង)៖ ដើម្បីសុខភាពស្រ្តីមានផ្ទៃពោះ កុមារមានសុខភាពល្អ និងដើម្បីឲ្យប្រជាពលរដ្ឋបានយល់កាន់តែច្បាស់ នូវបញ្ហាសុខភាព នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ មន្ទីរសុខាភិបាលខេត្តកោះកុង បានប្រារព្វទិវាផ្តល់ថ្នាំបង្ការពិភលោក ក្រោមប្រធានបទ «ការពារសហគមន៍យើងដោយចាក់វ៉ាក់សាំង» ដោយមានការចូលរួមក្រោមវត្តមានលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្ត, លោកវេជ្ជៈ ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្ត មន្ត្រីរាជការជុំវិញខេត្ត នឹងសិស្សានុសិស្សជិត៣០០នាក់ផងដែរ។

ក្នុងពិធីនេះដែរ លោកវេជ្ជៈ ទៅ ម៉ឹង បានថ្លែងថា ទិវាផ្តល់ថ្នាំបង្ការពិភពលោក ក្រោមប្រធានបទ «ការពារសហគមន៍យើង ដោយចាក់វ៉ាក់សាំង» ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ គឺវិស័យសុខាភិបាលកម្ពុជា មានការរីកចំរើនគ្រប់វិស័យគួរឲ្យគត់សម្គាល់ ក្នុងនោះ វិស័យសុខាភិបាលបានចូលរួមកាត់បន្ថយអត្រាឈឺ ពិការភាព នឹងអត្រាមរណភាពរបស់កុមារ និងស្រ្តីបានយ៉ាងច្រើនផងដែរ ហើយកម្ពុជាត្រូវបានលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង ជម្ងឺកញ្ច្រឹល ជម្ងឺតេតាណូសមាតា និងទារកជាដើម។

លោកវេជ្ជៈ បានបញ្ជាក់ថា ទិវាផ្តល់ថ្នាំបង្ការពិភពលោក ក្រោមប្រធានបទ «ការពារសហគមន៍យើង ដោយចាក់វ៉ាក់សាំង» គឺមានសារសំខាន់ណាស់ នឹងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានការពារពីជម្ងឺដែលអាចការពារបានដោយវ៉ាក់សាំង ហើយក្នុងការចាក់វ៉ាក់សាំង ក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាលមានចំនួន១១មុខ ក្នុងនោះរួមមាន៖ វ៉ាក់សាំងការពារជម្ងឺរបេង, រលាកថ្លើមប្រភេទB, ស្វិតដៃជើង, តេតាណូស, ក្អកមាន់, ខាន់ស្លាក់, រលាកសួត និងស្រោមខួរក្បាលបង្កដោយបាក់តេរីហ៊ីប, រលាកសួតនឹងរលាកស្រោមខួរក្បាល បង្កដោយបាក់តេរីភ្នើម៉ូកូក, កញ្ច្រឹល, ស្អូច និងរលាកខួរក្បាលជេអ៊ីផងដែរ។

លោកបានបន្តទៀតថា ចំពោះវ៉ាក់សាំងទាំងអស់នេះ បានទទួលស្គាល់ដោយអង្គការសុខភាពពិភលោក ដែលហេតុដូច្នេះហើយសូមមាតាបិតាអាណាព្យាបាលទាំងអស់ ត្រូវចូលរួមការពារកុមារ និងស្រ្តីឲ្យជៀសផុតពីជម្ងឺពិការភាព និងមរណភាពរបស់កុមារនិងស្រ្តី។

ក្នុងពិធីប្រារព្វទិវាផ្តល់ថ្នាំបង្ការពិភពលោកលោកស្រី ឈុន រ៉ាវុធ អភិបាលរងខេត្តក៏បានថ្លែងថា «ការប្រារព្វទិវាផ្តល់ថ្នាំបង្ការពិភពលោក ក្រោយប្រធានបទ «ការពារសហគមន៍យើង ចាក់វ៉ាក់សាំង» នេះគឺជាស្នូរជួងពញ្ញាក់អារម្មណ៍ដល់យើងទាំងអស់គ្នា ឲ្យយកចិត្តទុកដាក់ចូលរួមការពារជំងឺដែលអាចការពារបាន ដោយសារចាក់វ៉ាក់សាំង ជាពិសេសមាតាបិតា និងអាណាព្យាបាលដែលមិនទាន់បាននាំកុមារមកទទួលថ្នាំវ៉ាក់សាំង សូមរួសរាន់មកទទួលថ្នាំឲ្យបានគ្រប់ៗគ្នា និងស្រ្តីក្នុងវ័យបន្តពូជចាប់ពីអាយុ១៥ដល់៤៤ឆ្នាំ ជាពិសេសស្រ្តីដែលមានផ្ទៃពោះ»

លោកស្រីបានធ្វើការអំពាវរនាវដល់អាជ្ញាធរ ភូមិ-ឃុំ ស្រុក-ក្រុង កងកម្លាំង សិស្សានុសិស្ស និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវជួយផ្សព្វផ្សាយចូលរួមសហការណ៍ជាមួយបុគ្គលិកសុខាភិបាល ដើម្បីបង្កលក្ខណៈងាយស្រួលនៅរាល់សកម្មភាពផ្តល់សេវ៉ាសុខាភិបាល។

លោកស្រីបានបញ្ជាក់ទៀតថា ជាពិសេសសេវ៉ាផ្តល់ថ្នាំបង្ការទាំងនៅគ្រឹះស្ថានសុខាភិបាល និងសេវ៉ាចុះមូលដ្ឋានទាំងអស់នេះហើយ ដែលប្រជាពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នា ទប់ស្កាត់និងរាល់ការឃោសនាអកុសលនានា ដែលទាក់ទងក្នុងការផ្តល់ថ្នាំបង្ការ និងសេវ៉ាសុខភាពដទៃទៀតផងដែរ។ សូមបងប្អូនក្មួយៗទាំងអស់គ្នា ជួយផ្សព្វផ្សាយបន្តដើម្បីឲ្យស្រ្តីមានផ្ទៃពោះ កុមារទាំងអស់ បានទៅចាក់ថ្នាំបង្ការ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនៅតាមមូលដ្ឋានឲ្យបានគ្រប់គ្នាៗ។

\