(ភ្នំពេញ)៖ លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងកិច្ចប្រជុំនិទាឃរដូវ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក និងកិច្ចប្រជុំការិយាល័យក្រុមប្រទេសអាស៊ីអាគ្នេយ៍ (SEAVG) ដោយកិច្ចប្រជុំ នេះប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ​ចាប់ពីថ្ងៃទី១៨-២១ ខែមេសា ឆ្នាំ២០១៨។

កិច្ចប្រជុំបានបង្ហាញនូវភាពប្រសើរ នៃស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០១៧ ជាមួយនឹងអត្រាកំណើន ៣,៨% និងការរំពឹងទុកពីការបន្ត ងើបឡើង នៅក្នុងឆ្នាំ២០១៨ (៣,៩%) និង២០១៩ (៣,៩%) ដែលគាំទ្រដោយកំណើននៃការចំណាយវិស័យឯកជន និងភាពអំណោយផលនៃស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។

ដោយឡែក នៅតំបន់អាស៊ី កំណើនបន្តមានភាពរឹងមាំ ប៉ុន្តែនារយៈពេលមធ្យម ហានិភ័យដែលអាចមានឥទ្ធិពលដល់សេដ្ឋកិច្ចអាស៊ី រួមមាន៖

ទី១៖ ប្រក្រតីកម្មនយោបាយរូបិយវត្ថុរបស់សហរដ្ឋអាមេរិក និងប្រទេសអភិវឌ្ឍន៍មួយចំនួន ដែលអាចនាំឱ្យមានភាពរឹតត្បិត នៃស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិការថយចុះនៃលំហូរមូលធន ការថយចុះយ៉ាងឆាប់រហ័សនៃថ្លៃទ្រព្យសកម្ម និងការកែតម្រូវលឿននៃសេដ្ឋកិច្ចចិន
ទី២៖ ការអាចកើនឡើងជំលោះពាណិជ្ជកម្ម ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចអាស៊ី ដែលពឹងផ្អែកលើពាណិជ្ជកម្ម តាមរយៈការថយចុះនៃលំហូរវិនិយោគផ្ទាល់ ទីផ្សារហិរញ្ញវត្ថុ និងវិស័យគាំទ្រកំណើននានា
ទី៣៖ កត្តានានាផ្សេងទៀតដែលមានឥទ្ធិពលលើកំណើនដូចជា ជម្លោះភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ។ ស្ថិតក្នុងបរិការណ៍នេះ ប្រទេសអាស៊ីគួរផ្តោតការយកចិត្តទុកដាក់ ឱ្យបានច្រើនលើការអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីពង្រឹងសក្តានុពលសម្រាប់កំណើនខ្ពស់និងបរិយាប័ន្ន ធ្វើឱ្យប្រសើរឡើងភាពធនហិរញ្ញវត្ថុ និងបង្កើនកិច្ចសហប្រតិបត្តិការពិភពលោក និងតំបន់សម្រាប់សម្របទៅនឹងការប្រែប្រួលនៃបរិដ្ឋានសេដ្ឋកិច្ច។

គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ក៏បានចូលរួមក្នុងសន្និសីទ និងសិក្ខាសាលានានាផងដែរ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុការអនុវត្ត គោលនយោបាយរូបិយ វត្ថុជាដើម។ ឆ្លៀតក្នុងឱកាសនោះលោកស្រី នាវ ច័ន្ទថាណា ក៏បានទទួលជួបជាមួយ នាយកដ្ឋានទីផ្សារមូលធននៃមូលនិធិរូបិយវត្ថុអន្តរជាតិ នាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក និងប្រធានបេសកកម្មសម្រាប់កម្ពុជា ក្នុងគោលបំណងជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា និងតម្រូវការជំនួយបច្ចេកទេស ក្នុងការពង្រឹងសមត្ថភាពមន្ត្រីបុគ្គលិក។

មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានសាទរនឹងលទ្ធផលដែលកម្ពុជាសម្រេចបាន និងអត្ថប្រយោជន៍នៃជំនួយបច្ចេកទេសសម្រាប់ធនាគារជាតិនៃកម្ពុជា និងគ្រោងផ្តល់នូវជំនួយបច្ចេកទេសចាំបាច់នានា ដើម្បីរួមចំណែកពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងពង្រឹងវិស័យធនាគារកម្ពុជា ឱ្យកាន់តែរឹងមាំ៕