(ស្វាយរៀង)៖ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងយ៉ាងច្បាស់ថា បងប្អូនអតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារទាំងអស់នៅទូទាំងប្រទេស បានចូលរួមលះបង់អាយុជីវិតប្ដូរសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុតស៊ូរំដោះជាតិមាតុភូមិ ឲ្យរួចផុតពីរបបបនប្រល័យពូជសាសន៍ ប៉ុល ពត រហូតធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។

លោកស្រីបណ្ឌិត បានថ្លែងបែបនេះ ខណៈលោកស្រីតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជា ស្រុកស្វាយទាប និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងជិត១០០០នាក់ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅសាលាបក្សខេត្តស្វាយរៀង។

លោកស្រីបណ្ឌិត បានពាំនាំការផ្ដើមផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទំាងមូល ដោយលោកស្រី បានលើកឡើងអំពីគម្រូវីរភាពរបស់សម្តេចទាំងទ្វេរ ដែលជានិច្ចជាកាល តែងតែគិតគូរដល់សុខទុក្ខអតីតយុទ្ធជនរបស់យើងទាំងអស់គ្នា ដែលឆ្លុះបញ្ចាំងតាមរយៈការគិតគូរអំពីរបបសន្ដិសុខសង្គមប្រចាំខែ ជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការគិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របប ឧបត្ថម្ភផ្សេងៗ ឱ្យបានឆាប់រហ័សប្រកបដោយតម្លាភាព សំដៅលើកកំពស់ជីវភាពបងប្អូន អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង ក៏ដូចជា ការលើកទឹកចិត្តដល់អតីតយុទ្ធជនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា។

ការបំពាក់មេដាយការពារជាតិជូនអតីយុទ្ធជនកម្ពុជាទាំងនេះ កាន់តែបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្រ្ដី និងប្រធានសមាគមអតីយុទ្ធជនកម្ពុជា មិនដែលបំភ្លេចគុណបំណាច់របស់បងប្អូនអតីតយុទ្ធជនទាំងអស់ ដែលបានលះបង់ពេលវេលា សេចក្ដីសុខ សុភមង្គលផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជនឱ្យមានសុខសន្ដិភាព និងការអភិវឌ្ឍន៍។ សន្ដិភាពដែលនាំឱ្យកម្ពុជា មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺជាស្នាដៃដ៏ធំធេងរបស់យុទ្ធជនយើង ដែលគុណូបការៈនេះយើងម្នាក់ៗ មិនអាចបំភ្លេចបានទេ។

សម្រាប់អតីតយុទ្ធជនទាំងអស់ ដែលបានមកចូលរួមក្នុងកម្មវិធីនោះ ក៏បានទទួលនូវប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងម្នាក់ៗ៥ម៉ឺនរៀលផងដែរ៕