(រតនគិរី)៖ លោក ថង សាវុន អភិបាលខេត្តរតនគិរី ត្រូវបានតែងតាំងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី ជំនួសលោក មួង ប៉យ ដែលជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាកម្ពុជា នីតិកាលទី៤  កាលពីពេលកន្លងទៅនេះ។

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅស្នាក់ការបក្សខេត្ត ក្រោមអធិបតីភាពលោក ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា  និងជាសមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្ស។

លោក ថង សាវុន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ដែលទើបតែទទួលបានការតែងតាំង បានប្តេជ្ញាចិត្តអនុវត្តតាមកម្មវិធីនយោបាយរបស់គណបក្ស ពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស  ពង្រឹងពង្រីកសមាជិកបក្ស ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ជូនគណបក្ស។

នៅក្នុងឱកាសនោះ លោក ទេព ងន បានជំរុញឲ្យប្រធានបក្សថ្មី ចលនារួបរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា កុំបោះឆ្នោតឲ្យបក្សណាមួយ ដែលផ្សារភ្ជាប់ជាមួយទណ្ឌិត សម រង្ស៊ី កាត់ទឹកដីខេត្តរតនគិរី ឲ្យទៅជនជាតិម៉ុងតាញ៉ាវៀតណាម។ បន្តផ្សព្វផ្សាយ អប់រំណែនាំប្រជាជនគ្រប់ស្រទាប់គ្រប់វ័យ ឲ្យមានការយល់ដឹងពីការខិតខំរបស់បក្ស គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជនដើម្បីប្រជាជនកម្ពុជា៕