(កំពង់ចាម)៖ តំណាងរាស្ដ្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ  លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សណា ដែលនាំមកនូវសន្ដិភាព ការអភិវឌ្ឍន៍ ដែលតែងតែជួយពុកម៉ែបងប្អូនកន្លងមកនេះ ហើយជាគណបក្សមួយដែលរឹងមាំ មិនមែនទន់ជ្រាយនោះទេ ។

លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធឆ្លងប្រាសាទកសិណទាំងបួន នៅចំណុចទីស្នាក់ការកណ្ដាលភ្នំជើងព្រៃ ខេត្ដកំពង់ចាម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ។

តំណាងរាស្ដ្រមណ្ឌលខេត្ដកំពង់ចាម ថ្លែងបន្ដថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសរើស អ្នកដឹកនាំប្រទេស នៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ហើយសូមបងប្អូនត្រូវពិចារណា ឲ្យបានច្បាស់លាស់ មុននឹងគូសសន្លឹកឆ្នោតមួយសន្លឹកប្រគល់ជូនគណបក្សណាមួយនោះ ព្រោះបើបោះឆ្នោតខុសនោះ វានឹងនាំមកនូវសង្គ្រាម ដូច្នេះពុកម៉ែបងប្អូនត្រូវគូសឲ្យចំសន្លឹកឆ្នោត ដែលនាំមកនូវសន្ដិភាព មានការអភិវឌ្ឍន៍ បម្រើបងប្អូន មិនរត់ចោលបងប្អូន និងតាមការពារបងប្អូនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង» ។

ទន្ទឹមនឹងនោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានលើកឡើងពីសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសដូចសព្វថ្ងៃ គឺកើតចេញពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា បានរួមគ្នាការពារថែរក្សា និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែមានខ្លាំងក្លាទៅមុខបន្ដទៀត​ ដែលមិនមែនកើតចេញពីពួកប្រឆាំងផ្កាប់មុខ និងចង់កាត់ទឹកដីខ្មែរ ឲ្យបរទេសនោះទេ  ។

លោកបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន ក្លាយជានាយករដ្ឋមន្រ្តី ដឹកនាំប្រទេសកាន់តែរឹងមាំ ឈានឆ្ពោះទៅរកភាពសម្បូរសប្បាយរុងរឿងបន្ថែមទៀត ៕