(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានបន្តបើកវគ្គបណ្តុះបណ្តាលអ្នកកាសែត ពីការជួញដូរឧបករណ៍និស្សន្ទ លើកទី៧ ក្រោមអធិបតីភាព របស់លោក ស៊ូ សុជាតិ អគ្គនាយកនៃ គ.ម.ក។

កម្មវិធីនេះ ក៏មានការចូលរួមធ្វើបទបង្ហាញពីតំណាងមកពីក្រុមហ៊ុន សមភាគីទាំងបួនរួមមាន ក្រុមហ៊ុនខេមបូឌា ដេរីវ៉េទីវ អិចឆេង ឯ.ក ក្រុមហ៊ុន ខេមបូឌា ដេរីវ៉េទីវ អិចឆេង ភីអិលស៊ី ក្រុមហ៊ុន រ៉ូយ៉ាល់ហ្វានែនសល ខបភើរ៉េសិន និងក្រុមហ៊ុន ហ្គោលហ្វាយនែន សលគ្លូបល អិនវេសម៉ិន ព្រមទាំងឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលទទួលបានអាជ្ញាបណ្ណពី គ.ម.ក។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងទៀតថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងបញ្រ្ជាបការយល់ដឹងពីឧបករណ៍និស្សន្ទ ទៅកាន់អ្នកសារព័ត៌មានទូទៅ និងអ្នកសារព័ត៌មានសេដ្ឋកិច្ច ដែលបានអញ្ជើញមកពីស្ថាប័នក្នុងស្រុក បានយល់ដឹង និងធ្វើការផ្សព្វផ្សាយបន្តដោយសុក្រឹតភាព និងស័ក្តិសិទ្ធិ ក្នុងគោលដៅការពារប្រយោជន៍សាធារណជន ចៀសវាងការចាញ់បោក ឫខាតបង់ដែលធ្វើការវិនិយោគ ជាមួយក្រុមហ៊ុនដែលមិនបានទទួលអាជ្ញាបណ្ណពី គ.ម.ក៕