(ភ្នំពេញ)៖ អ្នកឧកញ៉ា ដែលគ្រប់គ្នាតែងតែជ្រាបថា គឺជាអ្នកមានចិត្តសប្បុរសធម៌ ចែករំលែកអ្វីដែលខ្លួនមាន ដោយមិនសំឡឹងមើលតែភ្នែកទទេ ពោលគឺតែងតែជួយជ្រោមជ្រែងជានិច្ច រាល់កន្លែងដែលមានទុក្ខលំបាក និងត្រូវការជំនួយគឺអ្នក ឧកញ៉ា ហុង ពីវ និង លោកជំទាវ ដោយអ្នកមានគុណសម្រាប់ជនខ្វះខាតទាំងពីររូបនេះ បានឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនចំនួន ៥ម៉ឺនដុល្លារ ដល់មូលនិធិសិល្បៈចាស់ជរា ខណៈក្នុងឆ្នាំ ២០១៨ នេះ ជាឆ្នាំទី ២ ចំពោះការឧបត្ថម្ភនេះ។ ទន្ទឹមគ្នានេះ ក្នុងឱកាសប្រកាសបើកមហាព្រឹតិ្តការណ៍ កតញ្ញូរាត្រី កាលពី ដើមឆ្នាំ២០១៧ លោកឧកញ៉ា ក៏បានបង្ហាញទឹកចិត្តចែករំលែក ជាប្រាក់ឧបត្ថម្ភក្នុងមួយឆ្នាំ ៥ម៉ឺនដុល្លារផងដែរ។

ជាក់ស្តែង បើយោងតាមផេក «សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម» ដែលមានអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក ហេង ឡុង ជាប្រធានបានបង្ហោះសារថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ហុង ពីវ និង លោកជំទាវថា «សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឧកញ៉ា ហុង ពីវ និងលោកជំទាវ ដែលបន្តឧបត្ថមដល់ "មូលនិធិសិល្បករចាស់ជរា" ៥ម៉ឺនដុល្លាសម្រាប់ឆ្នាំទី២។ សូមជូនពរអ្នកឧកញ៉ានិងលោកជំទាវ ជួបតែពុទ្ធព្រះពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

គួរបញ្ជាក់ថា ចំពោះទឹកប្រាក់ដែលទទួលបាន ពីការឧបត្ថម្ភនានាពីសប្បុរសជន ជាពិសេសពី សំណាក់ អ្នកឧកញ្ញា ហុង ពីវ និង លោកជំទាវ គឺប្រធានសមាគម អ្នកនាង ចន ចាន់លក្ខិណា បានអះអាងថា សម្រាប់ទុកជួយដល់អ្នកសិល្បៈចាស់ជរា មានបញ្ហាខ្វះខាតផ្សេងៗ ដែលប្រឈមចំពោះសិល្បករសិល្បការិនីទូទាំងប្រទេស៕