(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានរៀបចំវាទិ «កម្មសិទ្ធិបញ្ញាពិភពលោក» ជាលើកទី៤ ក្រោមប្រធានបទ «ការផ្តល់កម្លាំងឲ្យមានការផ្លាស់ប្តូរ ស្រី្តពាក់ព័ន្ធក្នុងការច្នៃប្រឌិត និងសកម្មភាពបង្កើតថ្មី» ដែលប្រព្រឹត្តទៅក្រោមវត្តមានលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ថ្លែងនៅក្នុងពិធីនេះលោកស្រី តឹករ៉េត កំរង បានឲ្យដឹងថា នៅក្នុងឆ្នាំ២០០០ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានកំណត់យកថ្ងៃទី២៦ ខែមេសា ដែលជាថ្ងៃ ដែលអនុសញ្ញា អង្គការសិទ្ធិបញ្ញាពិភពលោក បានចូលរួមជាធរមាន ក្នុងឆ្នាំ១៩៧០ ដើម្បីប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោកជារៀងរាល់ឆ្នាំ។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ដថា ចាប់តាំងពីពេលនោះមក ជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៦ ខែមេសា រដ្ឋជាសមាជិក របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក តែងតែប្រារព្ធទិវា កម្មសិទ្ធិបញ្ញានេះ ឡើងទៅតាមដំណាក់ការអភិវឌ្ឍ និងធនធានរៀងៗខ្លួន។

លោកស្រីថា «ជាការពិតណាស់ ស្ដ្រីត្រូវបានចាត់ទុកជា កម្លាំងចលករមួយយ៉ាងសំខាន់ និងជាប​ង្អែកយ៉ាងរឹងមាំ ក្នុងការរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា មានប្រមាណ៧.១% គឺមួយចំណែកបានមកពីការចូលរួមរបស់ស្ដ្រី»

លោកស្រី តឹករ៉េត កំរង បានបញ្ជាក់ថា សមភាពយែនដឺរវាងស្ដ្រី និងបុរស មិនថានៅក្នុងប្រទេសកម្ពុជា ឫក្នុងពិភពលោក ត្រូវបានពង្រឹង និងលើកកម្ពស់ ពោលគឺស្ដ្រី និងបុរស មានសិទ្ធិស្នើគ្នាក្នុងគ្រប់វិស័យ។

លោកស្រី បន្ថែមទៀតថា នៅក្នុងយុគសម័យបច្ចេកវិទ្យា ទំនើបនាពេលបច្ចុប្បន្ននេះ ស្ដ្រីត្រូវបានផ្ដល់ឱកាស និងការសមត្ថភាព យ៉ាងសកម្មដូចគ្នានឹងបុរស ក្នុងសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍដើម្បីច្នៃប្រឌិត និងបង្កើតផលិតផលថ្មីៗ ដែលជួយសម្រួល និងបំរើដល់ជីវភាពរស់នៅ ឲ្យកាន់តែបានប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។

សូមបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលកម្ពុជាបានប្រារព្ធទិវានេះឡើង ក្នុងគោលបំណងបង្ហាញអំពី ការប្ដេជ្ញាចិត្ដ និងការយកចិត្តទុកដាក់ លើវិស័យកម្មសិទ្ធិបញ្ញា ដែលវិស័យនេះ ត្រូវបានចាត់ទុកថា ជាផ្នែកមួយដ៏មានសារៈសំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍ។

វិស័យកម្មសិទ្ធិបញ្ញា ត្រូវបានចាត់ទុកជាឧបករណ៍សេដ្ឋកិច្ច ដែលជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចជាតិ នាយុគ្គសម័យទំនើបដែលដើរ ដោយចំណេះដឹង និងបច្ចេកវិទ្យា នាពេលបច្ចុប្បន្ននេះ៕