(ព្រៃវែង)៖ ប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច ខេត្តព្រៃវែង លោក នេត សាវឿន នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ប្រាប់ប្រជាពលរដ្ឋទាំងអស់ គិតគូរពីសុខភាពប្រចាំថ្ងៃ និងមករកពេទ្យឲ្យបានទាន់ពេលវេលា ដែលនៅក្បែរខ្លួនជិតបំផុត។

​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ប៉ុស្ដិ៍សុខភាព កូនពោធិ៍ ចំណុះមណ្ឌលសុខភាពឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅព្រឹកមិញនេះ លោក នេត សាវឿន បន្ទាប់ថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក៏បានជំរុញ និងណែនាំក្រុមគ្រូពេទ្យត្រូវបន្ដការបង្កើនយកចិត្តទុកដាក់ព្យាបាល ពិគ្រោះជំងឺ ជួយប្រជាពលរដ្ឋ និងសហគមន៍របស់ខ្លួន។

ទន្ទឹមនឹងសមិទ្ធផលថ្មី គឺប៉ុស្ដិ៍សុខភាពនេះ លោក នេត សាវឿន ​បានគូសបញ្ជាក់ដោយសុំការយោគយល់ ចំពោះការប្រើប្រាស់ពាក្យសម្ដីលើសលួសមួយចំនួន ដោយប្រការណាមួយ របស់ក្រុមគ្រូពេទ្យទៅកាន់ប្រជាពលរដ្ឋ ប៉ុន្ដែមិនមែនគ្រូពេទ្យទាំងអស់នោះទេ ពោលគឺមានតែបុគ្គលពេទ្យមួយចំនួនប៉ុណ្ណោះ ដែលនៅតែបន្ដកាយវិការបែបនេះ។

បើតាមប្រធានក្រុមការងាររូបនេះ សមិទ្ធផលប៉ុស្ដិ៍សុខភាពកូនពោធិ៍ សូមប្រជាពលរដ្ឋខិតខំប្រឹងប្រែងចូលរួមថែរក្សា សម្អាតទាំងអស់គ្នា ដើម្បីប្រើប្រាស់បានយូរអង្វែង ទុកឲ្យកូនចៅជំនាន់ក្រោយ ហើយប៉ុស្ដិ៍សុខភាពនេះ នឹងបម្រើប្រជាពលរដ្ឋទូទៅទាំងអស់ ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយឡើយ។

លោក នេត សាវឿន បានបញ្ជាក់ថា​ មណ្ឌលសុខភាពនេះ គឺជាអំណោយរបស់ លោកឧកញ៉ា ហុង ឆាយ ប្រធានសមាគមខ្មែរជួយខ្មែរ ដែលមានទំហំ១៥ម៉ែត្រ គុណ១៣ម៉ែត្រ ចំណាយទឹកប្រាក់អស់ ៨៣,០០០ដុល្លារ មានកន្លែងអ្នកជំងឺសម្រាករួម១ បន្ទប់ពិនិត្យជំងឺ១ បន្ទប់គ្រូពេទ្យ១ និងឃ្លាំង១ ព្រមទាំងសម្ភាៈបរិក្ខាគជាច្រើនទៀតផងដែរ។ ដោយឡែក ក្នុងពិធីនៅព្រឹកមិញនេះ លោក នេត សាវឿន ​បានចំណាយថវិកាអស់ប្រហែល២៣លានរៀល សម្រាប់រៀបចំកម្មវិធី និងចែកជាអំណោយផ្ដល់ជូនអ្នកចូលរួមទាំងអស់ផងដែរ៕​