(សៀមរាប)៖ លោក ជា ចាត់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានក្រើនរំលឹកដល់មន្រ្ដីបុគ្គលិក ធនាគារជាតិ នៃកម្ពុជាទាំងអស់ ឲ្យមានស្មារតីខ្ពស់​ក្នុងការងារ តាមតួនាទីរៀងៗខ្លួនឲ្យបានល្អ និងត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត ពិសេសត្រូវផ្ដល់សេវា និងមានកិច្ចសហការល្អ ឆាប់រហ័សជាដៃគូនិងអតិថិជន។

ការជំរុញបែបនេះរបស់លោកទេសាភិបាល ធ្វើឡើងនាឱកាសដែលលោកអញ្ជើញ ជួបសំណេះសំណាលជាមួយមន្ត្រីសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំក្រុមការងាររបស់សហព័ន្ធបរិយាប័ន្នហិរញ្ញវត្ថុ(AFI) នៅក្នុងខេត្តសៀមរាបនោះ។

លោកទេសាភិបាល ជា ចាន់តូ បានឲ្យដឹងថា «ដើម្បីសម្រេចបានភារកិច្ចស្នូលនេះឲ្យ ទទួលបានលទ្ធផលកាន់តែល្អប្រសើរនោះ មន្ត្រីគ្រប់ៗរូបត្រូវ រក្សាសាមគ្គីភាពគ្នាឲ្យ បានរឹងមាំ និងត្រូវបន្តខិតខំរៀនសូត្របន្ថែមលើមុខជំនាញ និងចំណេះដឹងទូទៅដើម្បីពង្រឹងសមត្ថភាពខ្លួនសម្រាប់ឆ្លើយតបទៅនឹងការវិវឌ្ឍរីកចម្រើនរបស់ សង្គមជាតិ ពិសេសធ្វើឲ្យវិស័យធនាគារកាន់រឹងមាំ ដើម្បីរួមចំណែកធ្វើឲ្យខឿនសេដ្ឋកិច្ចជាតិ ប្រកបដោយការរីកចម្រើនថ្មីៗបន្ថែមទៀត»

លោកបញ្ជាក់បន្ថែមទៀតថា ក្រៅពីនេះក៏ត្រូវចូលរួមសហការ ក្នុងការថែរក្សាការពារសុខសន្តិភាព ដែលមាននៅពេលបច្ចុប្បន្ននេះក្រោមម្លប់ដ៏ត្រជាក់
របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឲ្យបានដាច់ខាត ហើយត្រូវចងចាំថាបើគ្មានសុខសន្តិភាព ក៏គ្មានសេចក្ដីសុខក្សេមក្សាន្តដូចសព្ចថ្ងៃនេះដែរ៕