(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើប​អង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមត្ថកិច្ចពាក់ព័ន្ធ ​ចុះត្រួតពិនិត្យគោលដៅ​ ​ស្ថិតនៅភូមិឡកំបោរផ្លូវជាតិលេខ៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ​បានពិនិត្យឃើញមានជនជាតិវៀតណាម សរុបគ្រួសារចំនួន​៤៥គ្រួសារ មនុស្សរួមចំនួន​៦២​នាក់ ស្រី​២៣នាក់​។​

ប្រតិបត្តិការនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ​ដឹកនាំដោយលោកឧត្តមសេនីយ៍​ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិថី ក្រោមការសម្របសម្រួលពី ​លោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្នុងចំនួនជនជាតិវៀតណាមទាំង៤៥គ្រួសារនោះ មាន២៥គ្រួសារ មនុស្សចំនួន​៤០នាក់ ស្រី​១៥​នាក់ ​មានកាន់កាប់ និងប្រើប្រាស់ឯកសារដូចជា ក២ អ៣ បង្កាន់ដៃទទួលពាក្យ ប្រកាសទទួលស្គាល់ ប័ណ្ណស្នាក់នៅ​សរុបចំនួន​៧៩ច្បាប់។

ដោយឡែក ​ចំនួន​២០​គ្រួសារ មនុស្សចំនួន​២២នាក់ ស្រី​០៨នាក់ បានលួចចូលមកស្នាក់នៅ និងប្រមុខរបរដោយខុសច្បាប់ គ្មានលិខិតស្នាមត្រឹមត្រូវ​។

លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា បានបញ្ជាក់ថា ក្រោយត្រួតពិនិត្យ កម្លាំងជំនាញបានបញ្ជូនជនជាតិវៀតណាមទាំង​​២២នាក់ ស្រី​០៨នាក់​ ដែលប្រើប្រាស់ឯកសារមិនត្រឹមត្រូវ​ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការណែនាំ និងត្រួតពិនិត្យឯកសារតាមនីតិវិធី​បន្ត៕