(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ក្រសួងសង្គមកិច្ចកំពុងពន្លឿនការបង្កើតច្បាប់ការពារកុមារ ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ កុមារនៅកម្ពុជា ឲ្យទទួលបានប្រសិទ្ធខ្ពស់ ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ លើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា តាមរយៈការបង្កើតច្បាប់ការពារកុមារជាបន្តបន្ទាប់។

បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការងារកុមារ ជាការងារអាទិភាព នៅក្នុងកម្មវិធីនយោបាយ និងបានបញ្ចូលការងារកុមារ នៅក្នុងឯកសារយុទ្ធសាស្រ្តជាតិនានា ដូចជា គោលនយោបាយជាតិស្តីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូច គោលនយោបាយថែទាំជំនួសចំពោះកុមារ បទដ្ឋាន និងគោលការណ៍ណែនាំ សម្រាប់ការថែទាំការគាំទ្រ និងការការពារកុមារកំព្រា និងកុមារងាយរងគ្រោះ គោលការណ៍ការពារសិទ្ធិកុមាររងគ្រោះដោយសារ ការជួញដូរគោលនយោបាយជាតិស្តីពីអាហារូបត្ថម្ភ យុទ្ធសាស្រ្តជាតិស្តីពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងគោលការណ៍ណែនាំ សម្រាប់ការអនុវត្ត ការចូលរួមរបស់កុមារជាដើម។

លោក វង សូត បានលើកឡើងបែបនេះ ខណៈលោកចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍ជាតិលើកទី៤ ទី៥ និងទី៦ ស្តីពីការអនុវត្តអនុសញ្ញាសិទ្ធិកុមារនៅកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសង្គមកិច្ច ដែលរៀបចំដោយ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.)។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តី វង សូត ក៏បានថ្លែងស្វាគមន៍ចំពោះវត្តមានមន្រ្តី និងអង្គការពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំនេះ ដែល បង្ហាញពីការយកចិត្តទុកដាក់រួមគ្នា ក្នុងការលើកកម្ពស់សិទ្ធិកុមារនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីនៃអគ្គលេខាធិការដ្ឋាន ក.ជ.ក. ដែលបានរៀបចំកិច្ចប្រជុំនេះឡើង។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ជឿជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកយ៉ាងសំខាន់ ពិសេសធ្វើឱ្យរបាយការណ៍នេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាព និងសកម្មភាពដែលកម្ពុជា បានបំពេញក្នុងនាមរដ្ឋភាគីនៃអនុសញ្ញា។

កាលពីពេលថ្មីៗនេះ ក្រសួងសង្គមកិច្ច បាននិងកំពុងជំរុញការអនុវត្តច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។ ទាក់ទងនឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដែលជាការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការធានាចីរភាពនៃការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបោះជំហានទៅមុខយ៉ាងស្វាហាប់ ក្នុងការអនុវត្តគោលនយោបាយ ស្តីពីប្រព័ន្ធសុវត្ថិភាពសង្គម និងផែនការអភិវឌ្ឍយុទ្ធសាស្រ្តជាតិ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ជាពិសេសកុមារ កុមារកំព្រា និងស្រ្តីងាយរងគ្រោះ ជនចាស់ជរា ជនពិការ មន្រ្តីរាជការ ស៊ីវិល និងអតីតយុទ្ធជន។

សមិទ្ធផលទាំងអស់នេះ បានបង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តសិទ្ធិកុមារ រួមនិងការសហការពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ ដែលបានបង្កើតនូវកម្មវិធីជាច្រើន ក្នុងវិស័យសុខុមាលភាពកុមារ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីមាតាបិតា ក្រុមគ្រួសារ និងសហគមន៍ចំពោះបុត្រធីតា ជាទីស្រឡាញ់ផងដែរ។

ទោះបីគោលនយោបាយ និងកម្មវិធីជាតិជាច្រើន បាននិងកំពុងដំណើរការល្អគួរឱ្យកត់សម្គាល់ក៏ដោយ ក៏កម្ពុជានៅមានបញ្ហាប្រឈមមួយ ចំនួនដូចជា ពលកម្មកុមារ កុមារកំព្រា កុមារអនាថា ការជួញដូរកុមារ កុមារប្រើប្រាស់សារធាតុញៀន អំពើហិង្សាលើកុមារ និងកុមារប្រព្រឹត្តល្មើស នឹងច្បាប់ជាដើម ដែលជាកត្តាបង្អាក់ដល់ដំណើរការនៃការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងសង្គម ដែលយើងត្រូវរួមគ្នាដោះស្រាយជាពហុវិស័យ បន្តទៀត ដូចមាននៅក្នុងសេចក្តីព្រាងរបាយការណ៍៕