(ភ្នំពេញ)៖ ស្របកំណើនយានយន្តធ្វើឲ្យចរាចរណ៍មានការកកស្ទះ នៅចំណុចរង្វង់មូលចោមចៅ និងនៅតំបន់ក្បាលថ្នល់ ជាហេតុធ្វើឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធ ដោះស្រាយផលប៉ះពាល់ នៃតំបន់ទាំង២នេះ ឲ្យបានលឿនបំផុត ទៅតាមអ្វីដែលអាចធ្វើបាន ដើម្បីបើកការដ្ឋានសាង់សង់ស្ពានអាកាស នៅនាពេលដ៏ខ្លីខាងមុននេះ។

ការជំរុញបែបនេះ ត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ក្នុងប្រជុំពិភាក្សាជាថ្មីម្តងទៀត ពាក់ព័ន្ធទៅនឹងការដ្ឋាន នៃការស្ថាបនាស្ពានអាកាសទាំង២ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលារាជធានីភ្នំពេញ ដើម្បីកំណត់គម្រោងឲ្យបានច្បាស់លាស់មុននឹង ធ្វើពិធីបើកការដ្ឋាន។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោក ឃួង ស្រេង បានដឹកនាំអង្គប្រជុំស្ដីពីការដោះស្រាយផលប៉ះពាល់ លើគម្រោងសាងសង់ស្ពានអាកាសចោមចៅ និងស្ពានអាកាសក្បាលថ្នល់។ ក្នុងនោះ លោកប្រធានអង្គប្រជុំជំរុញ ឱ្យមានការដោះស្រាយផលប៉ះពាល់ នៅតំបន់ទាំងពីរនេះឱ្យបានច្បាស់លាស់ ដើម្បីអាចធ្វើការស្ថាបនាបានឆាប់ សំដៅសម្រួលបានការកកស្ទះ នៅតំបន់ក្បាលថ្នល់ និងរង្វង់មូលចោមចៅ ហើយនាពេលដ៏ខ្លីខាងមុននេះ។

បើតាមគម្រោងការដ្ឋានសង់ស្ពានអាកាស និងផ្លូវក្រោមដី នៅរង្វង់មូលចោមចៅ គ្រោងនឹងចំណាយពេលប្រមាណ២០ខែ ដើម្បីស្ថាបនាអោយរួចរាល់។ តំបន់រង្វង់មូលចោមចៅ និងតំបន់ខាងមុខ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមិនមានការកកស្ទះចរាចរណ៍ទៀតទេ បន្ទាប់ពីស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះបានស្ថាបនារួច។

គេបានមើលឃើញថា បច្ចុប្បន្ននេះស្ថានភាពចរាចរណ៍ នៅចំណុចរង្វង់មូលចោមចៅ ក្នុងខណ្ឌពោធិ៍សែនជ័យ មានការកកស្ទះចរាចរណ៍ ស្ទើររាល់ថ្ងៃ ចំពោះចរាចរណ៍នៅលើផ្លូវជាតិ លេខ៤ ផ្លូវជាតិលេខ ៣ និងមហាវិថីសហព័ន្ធរុស្ស៊ី ចូលមករាជធានីភ្នំពេញ ក៏មានការកកស្ទះច្រើនផងដែរ៕

គួរបញ្ជាក់ថា ចំពោះថវិកាសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះ ជាថវិការបស់សាលារាជធានីភ្នំពេញ ដោយប្រើប្រាស់ការស្ថាបនា ក្នុងរយៈពេលប្រមាណ២០ខែ អាចរួចរាល់ ខណៈដែលកំណាត់មហាវិថី សហពន្ធ័រុស្ស៊ី ចាប់ពីផ្លូវលេខ២០១១ ដល់រង្វង់មូលចោមចៅ ត្រូវបានពង្រីកបន្ថែម ទទឹងឲ្យធំទូលាយ អាចឲ្យរថយន្ត ធ្វើចរាចរណ៍៣គន្លងចូលក្នុងក្រុង និង ៤គន្លងចេញក្រៅក្រុង ដោយមានសួនច្បារនៅចំកណ្តាល និងមានដាក់ប្រព័ន្ធលូ២ខ្សែ គឺមួយខ្សែនៅចំកណ្តាលសួន ទំហំ៨តឹក និងមួយខ្សែទៀត ដាក់នៅចិញ្ចើមផ្លូវមានទំហំ ១,៥ម៉ែត្រ បានស្ថាបនារួចហើយ៕