(ម៉ូស្គូ)៖ ក្រសួងការពារជាតិ​អាមេរិកបាននិយាយថា ខ្លួនមិនមានភស្ដុង​តាងណាមួយ​ផ្ទៀងផ្ទាត់ ទៅនឹងការអះអាង​របស់ទីក្រុង​ម៉ូស្គូ ដែលថា​ប្រព័ន្ធស្ទាក់មីស៊ីល​រុស្ស៊ី​ បានស្ទាក់ចាប់​មីស៊ីល​អាមេរិក Tomahawk ដែលបាញ់​មកលើមូលដ្ឋានទ័ព​ស៊ីរីនោះឡើយ ដូច្នេះរុស្ស៊ីត្រូវតែ​មានភស្តុតាង​ដូចគ្នា​មុខនឹងនិយាយថា បានស្ទាក់​ចាប់មីស៊ីល​អាមេរិក ដ៏មានអានុភាព​ប្រភេទនេះ។ នេះបើតាម​លោក អេរីច ផាហុន (Eric Pahon) ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមេសា ឆ្នាំ២០១៨។

ថ្លែងប្រាប់ Sputnik នៅ​ថ្ងៃពុធសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការពារជាតិ​អាមេរិក លោក Eric Pahon បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធ​នឹងការអះអាង​របស់រុស្ស៊ីថា​ ខ្លួនបានស្ទា​ប់ចាប់មីស៊ីល តូម៉ាហក (Tomahawk) យើងមិនមាន​ភស្ដុតាងផ្ទៀងផ្ទាត់​ ទៅនឹងការ​អះអាង​នេះទេ។ តែ​បើសិនវាជា​ការពិត យើងចង់ឃើញ​ភស្ដុតាង​ទាំងនោះ នៅពេល​នេះ»

ប្រតិកម្មរបស់ក្រសួង​ការពារជាតិ​អាមេរិក កើតមានឡើងបន្ទាប់ពី​មេបញ្ជាការយោធា​រុស្ស៊ី លោក ស៊ឺហ្គៃ រូដស្កូយ (Sergey Rudskoy) បានប្រកាស​កាលពី​ថ្ងៃពុធថា ក្រុមអ្នក​ជំនាញរុស្ស៊ី កំពុងត្រួតពិនិត្យ​លើមីស៊ីលរបស់​ក្រុមចំរុះអន្តរជាតិ​ ដឹកនាំដោយ​សហរដ្ឋអាមេរិក​ដែល​ស្ទាប់ចាប់ បាននៅក្នុង​ប្រទេសស៊ីរី ក្នុងនោះរួមមាន​ទាំងមីស៊ីល Tomahawk ផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា ក្រោមការ​ប្រកាន់របបដឹកនាំស៊ីរី បានប្រើប្រាស់អាវុធ​គីមីនៅក្នុង​ទីក្រុងឌួម៉ា ដោយបានសម្លាប់ប្រជាជនស្លូតត្រង់ជាង ៤០នាក់នោះ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បានបាញ់​មីស៊ីលជាង ១០០​គ្រាប់ លើមូលដ្ឋានទ័ព​ស៊ីរីមួយក្នុង​ទីក្រុងហូម ខណៈរុស្ស៊ីថា​ប្រព័ន្ធមីស៊ីល​របស់ខ្លួន នៅស៊ីរីស្ទាក់ចាប់​មីស៊ីលទាំងនេះ​បានជាងពាក់​កណ្ដាល ព្រមទាំងថ្កោលទោស​ការវាយប្រហារនេះ​ថា ជាការរំលោភ​លើច្បាប់​អន្តរជាតិ៕