(ភ្នំពេញ)៖ ក្នុងពេលថ្មីៗនេះ ណាហ្គាវើលដ៍ បាននាំកុមារជាង៥០០នាក់ មកពីអង្គការសប្បុរសធម៌ចំនួន១២ នៅជុំវិញរាជធានីភ្នំពេញ មកទស្សនាការសម្តែងដ៏អស្ចារ្យ ដែលផ្តល់ជូន ដល់សាធារណជនទូទៅ ចូលទស្សនាដោយសេរី នៅសាលមហោស្រព NABA នៅណាហ្គាទី២។

កុមារមកពីអង្គការទាំង១២រួមមាន៖ អង្គការមូលនិធិអឺរ៉ុប សម្រាប់កុមារកម្ពុជា, អង្គការផ្ទះនៃគ្រួសារ, អង្គការជួយកុមារងាយរងគ្រោះកម្ពុជា, អង្គការបណ្តុះបណ្តាលកុមារកំព្រាយុវជនពិការ និងស្រ្តីក្រីក្រ, វិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈ, អង្គការកម្ពុជាសម្រាប់ការរស់នៅ និងការថែទាំបណ្តោះអាសន្ន, អង្គការខេមរា មូលនិធិកុមារកម្ពុជា, អង្គការលើកស្ទួយ ប្រជាពលរដ្ឋ, អង្គការថែទាំកុមារផ្កាយ និងសមាគមអភិវឌ្ឍ គ្រួសារពលី និងកុមារកំព្រា។

លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានថ្លែងថា «យើងរីករាយយ៉ាងខ្លាំង ដែលបាននាំកុមារទាំងនេះ មកទស្សនាការសម្តែងនៅ NABA។ យើងដឹងថាការអប់រំ មានសារសំខាន់ណាស់ ប៉ុន្តែការកម្សាន្ត ក៏មានសារសំខាន់ដូចគ្នា។ សិស្សដែលរីករាយ នឹងមានទឹកចិត្តរៀនសូត្រជាងមុន និងមានឱកាសជោគជ័យច្រើន»

លោក Pern បានបន្ថែមទៀតថា «យើងក៏សង្ឃឹមផងដែរថា ការសម្តែងពិសេសនៅសាលមហោស្រព NABA ដែលមានសិល្បករ-សិល្បការិនីជាតិ និងអន្តរជាតិនេះ នឹងធ្វើឲ្យកុមារ រីករាយ និងជួយលើកទឹកចិត្ត ឲ្យពួកគេចាប់យកអាជីពសិល្បៈផងដែរ។ យើងលើកទឹកចិត្តឲ្យពួកគេធ្វើតាមក្តីស្រមៃ និងចំណង់ចំណូលចិត្តរបស់ពួកគេ»

កុមារទាំងអស់ បានទទួលនូវភាពរីករាយយ៉ាងខ្លាំង បន្ទាប់ពីទស្សនាការសម្តែងលើកទីមួយ របស់ពួកគេ។ កុមារី ស្មៀន ឡែន មកពីអង្គការមូលនិធិអឺរ៉ុប សម្រាប់កុមារកម្ពុជា បាននិយាយថា «ខ្ញុំរីករាយយ៉ាងខ្លាំង ដែលបានទស្សនាការសម្តែងពិសេសនេះ ជាពិសេសខ្ញុំចូលចិត្តឈុតច្រៀង និងរាំជាក្រុម! វាពិតជាអស្ចារ្យ»

ក្នុងពេលដំណាលគ្នានោះដែរ អ្នកគ្រប់គ្រងអង្គការអង្គការបណ្តុះបណ្តាល កុមារកំព្រាយុវជនពិការ និងស្រ្តីក្រីក្រ អ្នកស្រី កែន ស្រីនាថ បានថ្លែងថា ពួកគាត់រីករាយយ៉ាងខ្លាំង ដែលណាហ្គាវើលដ៍អញ្ជើញពួកយើង និងកុមារ មកទស្សនាការសម្តែងដ៏អស្ចារ្យនេះ នៅសាលមហោស្រព NABA។

អ្នកស្រី បានបន្ថែមថា «កុមារទាំងអស់ រំភើបយ៉ាងខ្លាំង ហើយពួកគេចូលចិត្តសាលមហោស្រព និងការតុបតែងដ៏ស្រស់ស្អាត ទូទាំងអាគារណាហ្គាវើលដ៍យ៉ាងខ្លាំង»

សូមជម្រាបថា សាលមហោស្រព NABA មាន ២,០០០ កៅអី នៅណាហ្គាទី២ បានផ្តល់ឲ្យសាធារណជន នូវការសម្តែងលំដាប់ពិភពលោក ដែលរួមមាន៖ ការសម្តែងសិល្បៈ ច្រៀង រាំ និងសៀកអម ដោយការចាក់បញ្ចាំងផ្ទាំងក្រាហ្វិករូបភាពដ៏រស់រវើកនៅក្រោយឆាក។

ចាប់តាំងពីបង្កើតឡើង អស់រយៈពេលជាង ២៣ ឆ្នាំកន្លងទៅនេះ ណាហ្គាវើលដ៍បាន និងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសកម្ពុជា ប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ ២០១៤ ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើង ដោយបុគ្គលិកណាហ្គាវើលដ៍ ដែលចង់ស្ម័គ្រចិត្តចុះជួយសង្គមជាប្រជាពលរដ្ឋគំរូ។

គំនិតផ្តួចផ្តើមនេះ ដោយមានការគាំទ្ររបស់ក្រុមហ៊ុនណាហ្គាវើលដ៍ មានគោលបំណងជួយអភិវឌ្ឍ និងលើកកម្ពស់វិស័យអប់រំ អភិវឌ្ឍសហគមន៍ លើកកម្ពស់វិស័យកីឡា និងថែរក្សា បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង១៤៦,០០០នាក់ បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ៕

កុមារមកពី ១២ អង្គការ បានមកទស្សនាការសម្តែងនៅសាលមហោស្រព NABA

កុមារទាំងអស់ បានថតរូបទុកជាអនុស្សាវរីយ៍ នៅលើឆាកបន្ទាប់ពីការសម្តែង

NABA សាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា