(ភ្នំពេញ)៖ ក្រុមការងារចម្រុះ រួមមានមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ប៉ូលិសបេតិកភណ្ឌ អាជ្ញាធរមូលដ្ឋាន​ជាច្រើនរូប នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ម្សិលមិញនេះ បានចុះពិនិត្យមើលការកាប់ទន្ទ្រានព្រៃ នៅក្នុងតំបន់ឧទ្យានអង្គរ ដែលស្ថិតនៅក្នុង​ភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ខាងកើតកន្លែងត្រួតពិនិត្យសំបុត្រចំណុចអក្សរតេ(T) ផ្លូវ៦០ម៉ែត្រ។

លោក បេង ប៊ន មន្ត្រីទទួលបន្ទុកព្រៃឈើ នៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា សកម្មភាពលួចកាប់ទន្ទ្រានព្រៃឈើ នៅខាងកើតប៉ុស្តិ៍ត្រួតពិនិត្យសំបុត្រ៦០ម៉ែត្រនេះ បានចាប់​ផ្តើមតាំងពីឆ្នាំ២០១៧មកម្ល៉េះ តែក្រោយពីមានការទប់​ស្កាត់ម្តងមក ឃើញថាសកម្មភាព​ទាំងនោះបានបញ្ឈប់ហើយ ដោយឡែកក្នុងកំឡុង​ពេលបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ សកម្មភាពកាប់ទន្រ្ទាន​ដុតព្រៃបានកើតឡើងម្តងទៀត ហើយជនដែលសកម្មក្នុងការកាប់ព្រៃនេះ មានឈ្មោះ ថៃ ធឿង ដែលធ្វើការកាប់ទន្ទ្រានព្រៃ មានទំហំប្រមាណជាកន្លះហិចតានៅខាងក្រោយផ្ទះរបស់រូបគេ រួមនឹងកន្លែងផ្សេងៗទៀតជាច្រើនកន្លែង។ ហើយមួយចំណុចទៀតនោះ មានទំហំប្រមាណ៣០ម៉ែត្រ គុណ៤០ម៉ែត្រ នៅឆៀងខាងមុខផ្ទះរបស់បុរសខាងលើនោះ ដែលបង្កដោយជនមិនស្គាល់ឈ្មោះ។

លោកក៏បានបញ្ជាក់ទៀតថា ការលួចកាប់ព្រៃឈើនេះ ធ្វើឡើងនៅពេលដែលក្រុមការងារព្រៃឈើ របស់អាជ្ញាធរជាតិអប្សរាអវត្តមាន ដូចជានៅពេលបុណ្យចូលឆ្នាំ ថ្ងៃសម្រាកបុណ្យជាតិ ថ្ងៃសៅរ៍-អាទិត្យ និងចន្លោះមុន និងក្រោយពេលចូល និងចេញពីធ្វើការរបស់ក្រុមការងារ ពួកគេតែងលួចកាប់បន្តិចម្តងៗជារៀងរាល់ថ្ងៃ លុះពេលដែលកម្លាំងសមត្ថកិច្ចធ្វើការហាមឃាត់ ហើយសួរនាំពួកគេក៏ឆ្លើយថាគ្រាន់តែដើរកាប់ ដើម្បីហាត់​ប្រាណ ហើយពេលខ្លះទៀតក៏បានប្រើពាក្យជេ​ប្រមាថ មកលើក្រុមការងារ ហើយអះអាងថាព្រៃទាំងអស់នេះ ជាកម្មសិទ្ធិរបស់ខ្លួន ទាំងដែលខ្លួនត្រឹមជាអ្នកចំណូលស្រុកតែប៉ុណ្ណោះ ។

លោក ង៉ា ចុង ចៅសង្កាត់នគរធំ ក៏បានរំឭកថាលោកបានហៅឈ្មោះ ថៃ ធឿង ទៅជួបដើម្បីនិយាយគ្នាច្រើនដងណាស់មកហើយ តែជននេះមិនសូវទៅទេ ហើយលោកក៏ធ្លាប់ធ្វើកិច្ចសន្យា នឹងបុគ្គលនេះច្រើនដងដែរកន្លងមក តែបន្ទាប់ពីធ្វើរួចជននោះនៅតែមិនបញ្ឈប់សកម្មភាពរបស់ខ្លួនដដែល។

លោកក៏បានលោកឡើងបន្ថែមទៀតថា ដើម្បីទប់ស្កាត់ឱ្យបានក្នុង​ករណីនេះ ក្រុមការងារ​ទាំងអស់ ពិសេសមន្ត្រីប៉ូលិស​បេតិកភណ្ឌ ត្រូវដាក់​កម្លាំងតាមគ្រប់ជំហាន និងបង្ក្រាបលើបទល្មើសជាក់ស្តែង ហើយដាក់ទោសឱ្យសមនឹងកម្រិតទោសទើបរាងចាល ដោយមិនអាចយោគយល់បានឡើយ ព្រោះកន្លងមកការយោគយល់ គឺគ្មានប្រសិទ្ធិភាពចំពោះជននេះទេ។

គួរបញ្ជាក់ថាសម្រាប់ការចុះពិនិត្យនេះ ក្រុមការងារចម្រុះមិនបានឃើញមានអ្នកបង្កហេតុឡើយ ព្រោះពួកគេបានគេចខ្លួនអស់ ហើយនឹងសម្ងំនៅក្នុងផ្ទះ ប៉ុន្តែក៏បានឃើញមានការកាប់ព្រៃឈើបន្ថែមទៀត ដែលតាមការស្មានគឺធ្វើឡើងពីរ បីថ្ងៃ មុននេះ ពេលក្រុមការងារដល់ម៉ោងសម្រាក៕